បរទេស ៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX មហាសេដ្ឋី Elon Musk បានចំអក ឱ្យមហាសេដ្ឋី George Soros និងកូនប្រុសរបស់លោក ចំពោះការអនុម័តយ៉ាងឆាប់រហ័ស នូវអនុប្រធានាធិបតី Kamala Harris ជា “បេក្ខជនដែលមានសមត្ថភាពបំផុត ដែលយើងមាន” ដើម្បីជំនួសលោក Joe Biden ដែលបានធ្លាក់ចេញកាលពីថ្ងៃអាទិត្យ ពីការប្រណាំងប្រជែងតំណែង ប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ទាប់ពីលោក Biden បានប្រកាសការសម្រេចចិត្ត មិនស្វែងរកការឈរឈ្មោះ បោះឆ្នោតឡើងវិញ ក្នុងខែវិច្ឆិកា លោក Alex Soros កូនប្រុសរបស់មហាសេដ្ឋីហិរញ្ញវត្ថុ George Soros និងជាអ្នកស្នងមរតកនៃអាណាចក្រសប្បុរសធម៌របស់ឪពុកលោក បានគាំទ្រភ្លាមៗ ចំពោះអនុប្រធានាធិបតី លោកស្រី Kamala Harris ដោយពណ៌នា លោកស្រីថាជា “អ្នកពេញលេញដ៏ល្អបំផុត” របស់គណបក្សប្រជាធិបតេយ្យ ក្នុងការយកឈ្នះ លោក Donald Trump ។
លោក Alex Soros បានសរសេរនៅក្នុងការបង្ហោះនៅលើ X (អតីត Twitter) ដោយភ្ជាប់រូបភាពរបស់លោកជាមួយលោកស្រីនHarris ថា “វាដល់ពេលហើយ សម្រាប់យើងទាំងអស់គ្នា ដើម្បីរួបរួមគ្នាជុំវិញលោកស្រី Kamala Harris ហើយផ្តួល Donald Trump … រស់នៅឱ្យបានយូរតាមក្តីស្រមៃ របស់អាមេរិក!” ។
លោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុន X បានសរសេរ ជាការឆ្លើយតបថា “ខ្ញុំគ្រាន់តែចង់ថ្លែងអំណរគុណដល់ Alexander Soros ដែលមិនធ្វើឱ្យមនុស្សគ្រប់គ្នា មានការងឿងឆ្ងល់ថា អាយ៉ងបន្ទាប់នឹងក្លាយជានរណា” ។
លោក George Soros ក៏គាំទ្រលោកស្រី Harris ដោយផ្ទាល់ផងដែរ អ្នកនាំពាក្យរបស់គាត់បានប្រាប់កាសែត Wall Street Journal កាលពីថ្ងៃអាទិត្យ។ ក្នុងនាមជាអ្នកផ្តល់ជំនួយពីគណបក្សប្រជាធិបតេយ្យ ដ៏លេចធ្លោរបស់សហរដ្ឋអាមេរិក លោក George Soros បានផ្តល់ប្រាក់ប្រហែល ១២៨ លានដុល្លារដល់បេក្ខជន និងអង្គការនានា ក្នុងអំឡុង ពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិក្នុងឆ្នាំ ២០២២ និងបានផ្តល់អំណោយចំនួន ៥ លានដុល្លារដល់គណៈកម្មាធិការ សកម្មភាពនយោបាយដ៏សំខាន់ ដែលគាំទ្រលោក Biden មួយថ្ងៃបន្ទាប់ពីការជជែកដេញ ដោលរបស់ប្រធានាធិបតីប្រឆាំងនឹងលោក Donald Trump កាលពីខែមុន។
លោក Musk ពីមុនបានរិះគន់មហាសេដ្ឋីហុងគ្រី សេរីនិយម George Soros ចំពោះការព្យាយាមរុះរើ សង្គមប្រកបដោយប្រសិទ្ធភាព ដោយធានាថាច្បាប់មិនត្រូវបានអនុវត្ត ។ លោក Musk បាននិយាយក្នុងអំឡុងពេលផតឃែស្ថជាមួយលោក Joe Rogan កាលពីឆ្នាំមុន ដោយពន្យល់ថា ភាពគ្មានច្បាប់ទម្លាប់បច្ចុប្បន្នកំពុងញាំញី ទីក្រុងអាមេរិកដូចជា San Francisco និង Los Angeles គឺជាលទ្ធផលដែល Soros គាំទ្រមេធាវីស្រុកដែល “បដិសេធមិនព្រម កាត់ទោសបទឧក្រិដ្ឋ» ៕
ប្រែសម្រួលៈ ណៃ តុលា