ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ជំរុញឱ្យបញ្ឈប់ការ វាយប្រហារប្រឆាំង នឹងប៉ាឡេស្ទីន និងលីបង់

xinhua

បាកដាដ ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ ដើម្បីបញ្ឈប់ការវាយប្រហារប្រឆាំងនឹងលីបង់ និងប៉ាឡេស្ទីន ហើយបានអំពាវនាវ ឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីទប់ស្កាត់ការកើនឡើង នៃជម្លោះក្នុងតំបន់។

លោក Al-Sudani បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលជួបជាមួយ នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati នៅទីក្រុងបាកដាដ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់លោក al-Sudani ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា មេដឹកនាំទាំងពីរក៏បានពិភាក្សាលើកិច្ចព្រមព្រៀងទ្វេភាគី ស្តីពីការផ្គត់ផ្គង់ប្រេងអ៊ីរ៉ាក់ដល់ប្រទេសលីបង់ និងស្វែងយល់ពីការអភិវឌ្ឍន៍នយោបាយ និងសន្តិសុខនាពេលបច្ចុប្បន្ននៅក្នុងតំបន់។

សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា លោក Al-Sudani បានសង្កត់ធ្ងន់ថា គោលជំហររបស់អ៊ីរ៉ាក់ចំពោះលីបង់ គឺចាក់ឫសនៅក្នុងការប្តេជ្ញាចិត្ត និងភាតរភាព ដែលចងប្រទេសទាំងពីរ ក៏ដូចជាតួនាទីក្នុងតំបន់ និងអន្តរជាតិប្រកបដោយការទទួលខុសត្រូវរបស់អ៊ីរ៉ាក់ ទាក់ទងនឹងការអភិវឌ្ឍន៍ក្នុងតំបន់។

លោក Mikati បានសម្តែងការពេញចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ក្នុងការគាំទ្រទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសលីបង់។ លោកក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលរបស់លោកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយប្រទេសអ៊ីរ៉ាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការជួញដូរគ្រឿងញៀន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top