ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល ១សប្ដាហ៍ ជំរុំជនភៀសខ្លួន នៅកណ្តាលតំបន់ហ្គាហ្សា ត្រូវបានអ៊ីស្រាអែល ទម្លាក់គ្រាប់បែក ៦៣លើក

xinhua

ហ្គាហ្សា៖ កងទ័ពអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើជំរុំជនភៀសខ្លួននៃទីក្រុង Nuseirat ភាគកណ្ដាលតំបន់ហ្គាហ្សា ចំនួន ៦៣លើក ក្នុងរយៈពេល ៧ថ្ងៃ ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៩១នាក់ និងរបួស ២៥១នាក់ផ្សេងទៀត នេះបើយោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស់។

បក្សពួកដែលគ្រប់គ្រងតំបន់ហ្គាហ្សា បានចាត់ទុករដ្ឋបាលអ៊ីស្រាអែល និងរដ្ឋបាល អាមេរិក “ទទួលខុសត្រូវទាំងស្រុង” ចំពោះការបន្តការសម្លាប់ នៅក្នុងជំរុំជនភៀសខ្លួន ដែលបច្ចុប្បន្នមានប្រជាជន ប្រមាណ ២៥ម៉ឺននាក់ រួមទាំងអ្នកផ្លាស់ទីលំនៅថ្មីៗផងដែរ។

ប្រតិបត្តិការនេះបានបង្ក ឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង កាលពីថ្ងៃអង្គារ នៅពេលដែលការវាយប្រហារដ៏ធំមួយ ដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រាប់រ៉ុក្កែត បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៣នាក់ និង ៧៣នាក់ផ្សេងទៀតបានរងរបួសនៅឯសាលារៀនមួយកន្លែង ដែលបង្កើតឡើងដោយ UNRWA ប៉ុន្តែយោធាអ៊ីស្រាអែលក្រោយមកបានអះអាងថា ការវាយប្រហារនេះសំដៅទៅលើក្រុមភេរវករ សកម្មនៅទីនោះ និងដោយ​ផ្អែក​លើ​ការ​ស៊ើប​អង្កេត​ជាក់​លាក់ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងការពារអ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាស់ ពីបទ “កេងប្រវ័ញ្ចរចនាសម្ព័ន្ធស៊ីវិល និងប្រជាជនជាខែល ការពារមនុស្ស សម្រាប់ការវាយប្រហារ ភេរវកម្មប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល” ។

អ៊ីស្រាអែល បាននិង កំពុងបើកការវាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាសនៅក្នុងក្របខណ្ឌ ប៉ាឡេស្ទីនដែលឡោមព័ទ្ធ ដើម្បីសងសឹកនឹង ការវាយលុក របស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែន ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលាឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១,២០០ នាក់ត្រូវបានសម្លាប់ និងជាង ២០០នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕
ប្រែសម្រួល ឈូក បូរ៉ា

To Top