ព័ត៌មានអន្តរជាតិ

ប៉ូលីសហុងកុងម្នាក់ ធ្លាក់ពីលើរថយន្តតាក់ស៊ីស្លាប់ នៅទីក្រុង ប៉ាតាយ៉ា ប្រទេសថៃ

បរទេស៖ ប៉ូលីសហុងកុងម្នាក់ បានស្លាប់បន្ទាប់ពីធ្លាក់ពីលើឡានតាក់ស៊ី Songthaew នៅទីក្រុង ប៉ាតាយ៉ា ប្រទេសថៃ កាលពីព្រឹកថ្ងៃចន្ទ ។

យោងតាមសារព័ត៌មាន ថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមវីដេអូ ដែលទទួលបានដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បានឲ្យដឹងថា បុរសនោះ ត្រូវបានគេឃើញ ដួលពីខាងក្រោយ រថយន្តតាក់ស៊ី លើផ្លូវនៅម៉ោង ៨ និង៣៦នាទីព្រឹក។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឱ្យដឹងទៀតថា បុរសនោះមានអាយុ ៤៨ ឆ្នាំ និងមកពីហុងកុង បានរងរបួសយ៉ាង ធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យក្បែរនោះ ដែលជាកន្លែងដែលគាត់ ត្រូវបានគេបញ្ជាក់ថា បានស្លាប់។ ប្រភព​មួយ​ប្រាប់​កាសែត Post ថា បុរស​នោះ​ជា​មន្ត្រី​ប៉ូលិស។

ក្រោយពេលកើតហេតុ សាក្សីឃើញហេតុការណ៍បានស្រែក ហៅរថយន្តតាក់ស៊ី នោះ ឲ្យឈប់ ប៉ុន្តែអ្នកបើកបរមិនព្រម ហើយបើករថយន្តគេចខ្លួនបាត់ស្រមោល។ ក្រោយ​មក​ប៉ូលិស​ ទទួល​បាន​ស្លាក​លេខ ​រថយន្ត​លម្អិត​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ហើយ​បាន​បើក​ការ​តាម​ប្រមាញ់​ភ្លាមៗ។

ក្រោយកើតហេតុ អ្នកបើកបររថយន្ត បានប្រគល់ខ្លួនឲ្យកម្លាំងសមត្ថកិច្ច ដោយអះអាងថា ខ្លួនមិនបានដឹងថា មាននរណាម្នាក់ធ្លាក់ពីលើរថយន្តនោះទេ ហើយគ្រាន់តែទាក់ទងទៅសមត្ថកិច្ច បន្ទាប់ពីទទួលបានដំណឹងពីម្ចាស់រថយន្ត។

ប្រភព​បាន​និយាយ​ថា ពលបាល​មកពីហុងកុងរូប​នេះ​ គឺបានមកសម្រាក​លំហែកាយ ​ជាមួយ​ក្រុម​គ្រួសារ ហើយ​គ្រោង​នឹង​ត្រឡប់​ទៅ​ទីក្រុង​វិញ​នៅ​ថ្ងៃ​អង្គារ។ គាត់បានចាកចេញ ពីសណ្ឋាគារតែម្នាក់ ឯងមុនពេលធ្វើដំណើរ។

នាយកដ្ឋានអន្តោប្រវេសន៍ របស់ហុងកុង កាលពីល្ងាចថ្ងៃចន្ទ បាននិយាយថា ខ្លួនត្រូវបានជូនដំណឹង អំពីឧបទ្ទវហេតុនេះ ដោយក្រុមគ្រួសាររបស់បុរសនោះ ។ ខ្លួនបានទាក់ទងទៅការិយាល័យ ក្រសួងការបរទេស របស់ទីក្រុងប៉េកាំងនៅហុងកុង និងស្ថានទូតចិនប្រចាំប្រទេសថៃ ដើម្បីស្វែងយល់ពីស្ថានភាពនេះ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top