វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងនិយាយខ្លាំងៗ និងច្បាស់ៗ ក្នុងអំឡុងពេលដំណើរ ១១ថ្ងៃនាពេលខាងមុខ ដែលការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះអាស៊ី នៅតែមិនផ្លាស់ប្តូរ ដោយមិនគិតពីការសម្រេចចិត្ត របស់ប្រធានាធិបតីលោក ចូ បៃដិន ដើម្បីបញ្ចប់ការប្រជែងការ បោះឆ្នោតឡើងវិញនោះទេ។
លោក Daniel Kritenbrink ជំនួយការរដ្ឋលេខាធិការ ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានឲ្យដឹងថា “ខ្ញុំគិតថា សារដែលរដ្ឋមន្រ្តីការបរទេសរូបនេះ នឹងបញ្ជូនទៅកាន់តំបន់នេះគឺថា អាមេរិកផ្ដោតលើឥណ្ឌូប៉ាស៊ីហ្វិកទាំងអស់”។
ចាប់ពីថ្ងៃពុធលោក Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ឡាវ ជប៉ុន ហ្វីលីពីន សិង្ហបុរី និងម៉ុងហ្គោលី។ ដំណើរទស្សនកិច្ចដ៏វែងនេះរៀបចំ ដោយការចូលរួមរបស់លោកក្នុងកិច្ចប្រជុំប្រចាំឆ្នាំដែលទាក់ទងនឹងអាស៊ាន កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក បៃដិន បានប្រកាសចាកចេញពីការប្រកួតប្រជែង សម្រាប់ការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា។
លោក បៃដិន ស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងពី សមាជិកបក្សប្រជាធិបតេយ្យ ដើម្បីចុះចេញពីតំណែង បន្ទាប់ពីការសម្តែងការជជែកដេញដោល ដ៏រង្គោះរង្គើប្រឆាំងនឹងគូប្រជែងគណបក្សសាធារណរដ្ឋ របស់លោក ដូណាល់ ត្រាំ ។
កាលពីថ្ងៃអាទិត្យ មិនយូរប៉ុន្មានក្រោយការប្រកាសដកខ្លួន លោក បៃដិន បានគាំទ្រអនុប្រធានាធិបតីលោកស្រី Kamala Harris ជាបេក្ខភាពប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ ប៉ុន្តែវានៅតែមិនប្រាកដប្រជាថាតើលោកស្រី អាចដំណើរការយុទ្ធនាការដ៏មានប្រសិទ្ធភាពមួយ ដើម្បីយកឈ្នះលោក ត្រាំ បានដែរឬយ៉ាងណា?៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
