វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីសហរដ្ឋ អាមេរិកលោកស្រី កាម៉ាឡា ហារីស កាលពីថ្ងៃអង្គារបាន ចាប់ផ្តើមយុទ្ធនាការ របស់លោកស្រី សម្រាប់តំណែង ប្រធានាធិបតីជាផ្លូវការ ដោយបានប្តេជ្ញាថានឹងយក ឈ្នះបេក្ខភាពមកពី គណបក្ស សាធារណរដ្ឋ លោក ដូណាល់ ត្រាំ ដោយផ្តោតលើអនាគត ដ៏ល្អប្រសើរ សម្រាប់សហរដ្ឋអាមេរិក ផ្ទុយពីការសង្កត់ធ្ងន់ របស់លោកស្រី លើភាពរុងរឿងកាលពីអតីតកាល។
បន្ទាប់ពីទទួលបានការយល់ ព្រមពីគណបក្សប្រជាធិបតេយ្យនៅក្នុងសភា ក៏ដូចជាការគាំទ្រពីប្រតិភូ គណបក្សភាគច្រើននៅមុនសន្និបាត តែងតាំងរបស់ខ្លួននៅខែ ក្រោយលោកស្រី ហារីស បានបង្ហាញខ្លួននៅឯការ ប្រមូលផ្តុំលើកដំបូង នៃយុទ្ធនាការប្រធានាធិបតីរបស់លោកស្រីនៅ Milwaukee រដ្ឋ Wisconsin ដែលជារដ្ឋផ្លាស់ប្តូរ ដ៏សំខាន់មួយ ។
លោកស្រីបាននិយាយ ទៅកាន់ហ្វូងមនុស្ស ដែលបានឆ្លើយតប ដោយសំឡេងអបអរសាទរយ៉ាងខ្លាំងថា “ខ្ញុំត្រូវបានគេប្រាប់នៅព្រឹកនេះថា យើងទទួលបានការគាំទ្រ ពីគណៈប្រតិភូគ្រប់គ្រាន់ ដើម្បីទទួលបានការតែងតាំង ពីគណបក្សប្រជាធិបតេយ្យ ខ្ញុំសន្យានឹងអ្នកថាខ្ញុំនឹងចំណាយពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ បន្តការរួបរួមគណបក្ស របស់យើងដើម្បីឲ្យយើងត្រៀម ខ្លួនក្នុងយកឈ្នះ នៅខែវិច្ឆិកាខាងមុខនេះ”។
អ្នកវិភាគនយោបាយ អាមេរិកមួយចំនួន បានកត់សម្គាល់ពីភាពសាទរ កាន់តែខ្លាំងក្នុងចំណោម អ្នកប្រជាធិបតេយ្យច្រើន ជាងការរំពឹងទុក បន្ទាប់ពីការសម្រេចចិត្ត របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងការចាកចេញពីការ ប្រកួតប្រជែងតំណែងប្រធានាធិបតីកាលពីថ្ងៃអាទិត្យ និងគាំទ្រលោកស្រី ហារីស ជាអ្នកស្នងតំណែងរបស់លោក។
ខណៈដែលលោកស្រី ហារីស រៃអង្គាសប្រាក់ បានចំនួន ៨១លានដុល្លារក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ពីការប្រកាស របស់លោក បៃដិន ដែលជាផលបូកដ៏ធំបំផុត ក្នុងប្រវត្តិសាស្រ្ត របស់ប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រាវជ្រាវរំពឹងថា ការបញ្ចេញ ថាមពលប្រជាធិបតេយ្យនឹង បន្តកើនឡើងកាន់តែខ្លាំង ៕
ប្រែសម្រួល ឈូក បូរ៉ា