ថ្ងៃទី ២៣ ខែកក្កដា នៅក្រុងប៉េកាំង បុព្វហេតុរំដោះប៉ាឡេស្ទីន ទទួលបានវេលាគន្លឹះជាប្រវត្តិសាស្ត្រ ពោលគឺឆ្លង តាមរយៈកិច្ចសន្ទនាផ្សះផ្សាគ្នាផ្ទៃក្នុង របស់ប៉ាឡេស្ទីនរយៈពេល៣ថ្ងៃ បក្សពួកចំនួន ១៤នៃប៉ាឡេស្ទីន បានចុះហត្ថលេខារួម គ្នាលើ«សេចក្តីប្រកាសទីក្រុងប៉េកាំង ស្តីពីការបញ្ចប់ការបែកបាក់ និងពង្រឹងការរួបរួមសាមគ្គីគ្នានៃប្រជាជាតិប៉ាឡេស្ទីន»។ សេចក្តីប្រកាសនេះបានកំណត់ យ៉ាងច្បាស់លាស់ថា អង្គការរំដោះប៉ាឡេស្ទីន ជាតំណាងស្របច្បាប់ តែមួយគត់របស់ ប្រជាជនប៉ាឡេស្ទីន ព្រមទាំងបានឈាន ដល់គំនិតឯកភាពគ្នា អំពីការគ្រប់គ្រងតំបន់ ហ្កាហ្សាបន្ទាប់ពីបញ្ចប់សង្គ្រាម និងការបង្កើតរដ្ឋាភិបាលផ្សះផ្សាជាតិជាបណ្តោះអាសន្ន ។
ការផ្សះផ្សាលើកនេះ គឺបានមកដោយមិនងាយទេ វាគឺជាជំហានដ៏សំខាន់មួយក្នុងការសម្រេចបាននូវសន្តិភាពនៅមជ្ឈិមបូព៌ា ។ ថ្លែងក្នុងសុន្ទរកថា លោក Mahmad Alulប្រធានគណៈប្រតិភូអង្គការFatahនិងលោកMussa Abu Marzuk ប្រធានគណៈប្រតិភូអង្គការហាម៉ាស់ បានតំណាងឱ្យបក្សពួកនានា នៃប៉ាឡេស្ទីន សូមថ្លែងអំណរគុណ ដល់ប្រទេសចិន ដែលបានផ្តល់ការគាំទ្រ យ៉ាងមុតមាំនិង ជំនួយឧបត្ថម្ភ ដោយមិនគិតពីប្រយោជន៍ ផ្ទាល់ខ្លួនដល់ប៉ាឡេស្ទីន ក្នុងរយៈពេលជាយូរកន្លងមក ហើយបានកោតសរសើរខ្ពស់ ចំពោះប្រទេសចិនដែលបាន ប្រកាន់ខ្ជាប់ភាពយុត្តិធម៌ និងសច្ចធម៌ក្នុងបញ្ហាប៉ាឡេស្ទីន នៅលើឆាកអន្តរជាតិ ។ ស្ថានីយទូរទស្សន៍Al Arabiya នៃប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើការអត្ថាធិប្បាយថា កិច្ចការទូតរបស់ប្រទេសចិន បានបង្ហាញឱ្យឃើញនូវកាតព្វកិច្ច និងទំនួលខុសត្រូវ ដែលគួរឱ្យកត់សម្គាល់និង គួរឱ្យស្ងើចសរសើរ ។
លើកនេះ តំណាងបក្សពួកចំនួន ១៤ ទាំងអស់នៅផ្ទៃក្នុងប៉ាឡេស្ទីនបានជួបជុំគ្នាជាលើកដំបូងនៅក្រុងប៉េកាំង ដើម្បីធ្វើកិច្ចសន្ទនាផ្សះផ្សាជាតិ ការនេះបានបង្ហាញឱ្យឃើញថា ក្រោមការសម្រុះសម្រួលរបស់ប្រទេសចិន បក្សពួកនានារបស់ប៉ាឡេស្ទីន សុទ្ធតែបានប្រកាន់ ខ្ជាប់គោលជំហរប្រកបដោយវិចារណញ្ញាណ ហើយបានឈាន ដល់គំនិតឯកភាពរួមថ្មី ពោលគឺ អនុលោមតាមសេចក្តី សម្រេចចិត្តពាក់ព័ន្ធ របស់អង្គការសហប្រជាជាតិ ដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីនដ៏ឯករាជ្យ ដែលចាត់ទុកក្រុង ហ្សេរុយសាឡិមជារដ្ឋធានី ។
អ៊ីចឹង ហេតុអ្វីបានជាបក្សពួកនានា របស់ប៉ាឡេស្ទីនអាចឈានដល់ការផ្សះផ្សានៅក្រុងប៉េកាំង ? នេះគឺដោយមកពី ក្នុងបញ្ហាប៉ាឡេស្ទីន ប្រទេសចិនមិនដែលគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនទេ និងបានឈរនៅម្ខាងនៃសន្តិភាព និងឈរនៅម្ខាងនៃគុណធម៌ របស់មនុស្សជាតិជាប់រហូត ។ តាំងពីការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលជុំថ្មី បានផ្ទុះឡើងកាលពីខែតុលាឆ្នាំ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានអធិប្បាយ ពីគោលជំហរនិងគំនិតផ្តួច ផ្តើមរបស់ប្រទេសចិន ជាច្រើនលើក ដោយអំពាវនាវឱ្យបញ្ឈប់ សង្គ្រាមភ្លាម ហើយបានគូសបញ្ជាក់ថា ច្រកចេញពី ឫសគល់គឺ ការអនុវត្ត“ដំណោះស្រាយរដ្ឋពីរ” ក្នុង ន័យជំរុញឱ្យបញ្ហា ប៉ាឡេស្ទីន ត្រូវបានដោះស្រាយ ក្នុងពេលឆាប់ៗដោយគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពយុត្តិធម៌និងយូរអង្វែង ។
តាមពិតទៅ ចាប់ពីអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់បានចាប់ដៃគ្នានៅក្រុងប៉េកាំងកាលពីឆ្នាំមុន រហូតដល់បក្សពួកនានា របស់ប៉ាឡេស្ទីនបានចុះហត្ថលេខាលើ «សេក្តីប្រកាសក្រុងប៉េកាំង» ការផ្សះផ្សាទាំងពីរលើក ដែលបានសារសំខាន់ ចំពោះតំបន់មជ្ឈិមបូព៌ា សុទ្ធតែបានបញ្ជាក់ថា ជានិច្ចកាល ប្រទេសចិនតែងតែផ្តល់ជំនួយ ដល់សន្តិភាពនិងការ អភិវឌ្ឍរបស់តំបន់មជ្ឈិមបូព៌ាយ៉ាងប្រាកដប្រជា គឺជាមិត្តស្មោះត្រង់និងអាចជឿទុកចិត្តបានរបស់ប្រទេសអារ៉ាប់ ។ ដូច្នេះហើយបានជា ការសម្រុះសម្រួលរបស់ចិនអាចប្រែ “ភារកិច្ចដែលគ្រប់ភាគីយល់ឃើញថាមិនអាចទៅរួច” ក្លាយទៅជា “លទ្ធផលសន្តិភាព” ។
ការចុះហត្ថលេខាលើ«សេក្តីប្រកាសក្រុងប៉េកាំង»លើកនេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិថា ៖ ប្រជាជនប៉ាឡេស្ទីន សង្ឃឹម ឱ្យបញ្ចប់ការប៉ះទង្គិចផ្ទៃក្នុង និងបង្កើត រដ្ឋឯករាជ្យដែលបង្រួបបង្រួមគ្នា បក្សពួកនានារបស់ ប៉ាឡេស្ទីន បានសម្គាល់ឃើញថា មានតែប្រើប្រាស់សំឡេងតែមួយ ទើបអាចបញ្ចេញសំឡេងយុត្តិធម៌លាន់ឮកាន់តែខ្លាំង មានតែចាប់ដៃនិងប្រកៀកស្មាឆ្ពោះទៅមុខ ទើបអាចធ្វើឱ្យបុព្វហេតុផ្សះផ្សាជាតិទទួលបានជោជ័យ ។
ជាការពិតណាស់ ការខ្វែងគំនិតគ្នា រវាងបក្សពួកនានាផ្ទៃក្នុង ប៉ាឡេស្ទីន មិនអាចដោះស្រាយឱ្យបានភ្លាមៗឡើយ នៅពេលអនាគត បក្សពួកនានាប្រហែលនឹងប្រឈមមុខនឹងការសាកល្បងមួយចំនួនក្នុងការអនុវត្តជាក់ស្តែងនូវ «សេចក្តីប្រកាសក្រុងប៉េកាំង» ។ នៅពេលអនាគត ប្រទេសចិន នឹងបន្តធ្វើកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកសន្តិភាពនិងយុត្តិធម៌ ដ៏ដូចជាធ្វើកិច្ចខិតខំ ប្រឹងប្រែងឥតស្រាកស្រាន្ត ដើម្បីជំរុញដំណើរសន្តិភាព រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ៕