ព័ត៌មានអន្តរជាតិ

លោកស្រី Kamala Harris បង្កើតកំណត់ត្រា រៃអង្គាសប្រាក់ថ្មី រហូតបានដល់ជាង ៨១លានដុល្លារ ត្រឹមពេល២៤ម៉ោង

AFP

បរទេស ៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានទទួលវិភាគទានចំនួន ៨១ លានដុល្លារក្នុងរយៈពេល ២៤ ម៉ោងដំបូងចាប់តាំងពីលោក Joe Biden បានដកខ្លួនចេញពីការប្រជែង តំណែងប្រធានាធិបតីឆ្នាំ២០២៤ និងបានគាំទ្របេក្ខភាពរបស់លោកស្រី, នេះបើយោងតាមបុគ្គលិក យុទ្ធនាការ របស់លោកស្រី Kamala Harris ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមរបស់លោកស្រី Harris បាននិយាយថា វាជា “ការកើនឡើង ២៤ ម៉ោងដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រប្រធានាធិបតី” ។ ក្រុមអ្នកធ្វើយុទ្ធនាការរបស់លោកស្រី Kamala Harris បានអះអាងថា ខ្លួនបានទទួលវិភាគទានច្រើនជាង ៨៨៨.០០០ ពី “ម្ចាស់ជំនួយ មូលដ្ឋាន” ដែល ៦០ភាគរយ នៃពួកគេបានបរិច្ចាគ ជាលើកដំបូងនៅក្នុងការបោះឆ្នោតឆ្នាំ២០២៤ ។

អ្នកនាំពាក្យយុទ្ធនាការឃោសនាបោះឆ្នោត លោក Kevin Munoz បាននិយាយថា “ការទោទន់ជាប្រវត្តិសាស្ត្រ នៃការគាំទ្រសម្រាប់អនុប្រធានាធិបតី លោកស្រី Harris គឺតំណាងឱ្យយ៉ាងពិតប្រាកដនូវថាមពល និងភាពរីករាយរបស់អ្នកមូលដ្ឋាន ដែលឈ្នះការបោះឆ្នោត” ។

ដោយឡែកពីគ្នានោះ Future Forward ដែលជាគណៈកម្មាធិការ សកម្មភាពនយោបាយប្រជាធិបតេយ្យ ដ៏ធំបំផុតនៅសហរដ្ឋអាមេរិក បានប្រាប់ទស្សនាវដ្តី Politico កាលពីថ្ងៃចន្ទថា ខ្លួនបានទទួលប្រាក់ចំនួន ១៥០ លានដុល្លារក្នុងការប្តេជ្ញាចិត្តថ្មីពីម្ចាស់ជំនួយសំខាន់ៗក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

លោក Biden បានបញ្ចប់យុទ្ធនាការ ឈរឈ្មោះបោះឆ្នោតឡើងវិញ និងបានគាំទ្រលោកស្រី Harris កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានការអំពាវនាវ ជាច្រើនសប្តាហ៍ពីអ្នកនយោបាយ ម្ចាស់ជំនួយ និងអ្នកសារព័ត៌មានរបស់គណបក្សប្រជាធិបតេយ្យ ឱ្យលោកចាកចេញពីការប្រណាំងប្រជែងនេះ ដោយសារតែការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីកាយសម្បទាផ្លូវចិត្តរបស់លោក និងសមត្ថភាពក្នុងការផ្តួលអតីតប្រធានាធិបតីលោក Donald Trump ក្នុងខែវិច្ឆិកា ខាងមុខ។ ទោះបីជាលោក Biden បានបដិសេធម្តងហើយម្តងទៀតក្នុងការបោះបង់ចោលយុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោកក៏ដោយ ប៉ុន្តែនៅទីបំផុត លោកក៏បានយល់ព្រម ដោយលើកហេតុផលថា ការផ្លាស់ប្តូរនេះគឺ “ជាផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់គណបក្សរបស់ខ្ញុំ និងប្រទេស” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top