បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថា ទីប្រឹក្សារបស់បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បានស្នើឱ្យបង្កើនគោលដៅ ចំណាយលើវិស័យការពារជាតិ សម្រាប់ប្រទេសសមាជិកណាតូដល់ ៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ យ៉ាងណាក៏ដោយ សមាជិកជាច្រើននៃប្លុកដែលដឹកនាំ ដោយសហរដ្ឋអាមេរិក ទើបតែបានជួបការលំបាក នាពេលថ្មីៗនេះដើម្បីឈាន ដល់គោលដៅ ២ភាគរយ នៅពេលបច្ចុប្បន្ន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា Bloomberg បានសរសេរដោយដកស្រង់ ប្រភពពីអ្នកដែលដឹង អំពីការសន្ទនានោះថា គំនិតនៃការអំពាវនាវ ឱ្យសមាជិកណាតូចូលរួមវិភាគទានបន្ថែមទៀត គឺត្រូវបានលើកឡើងនៅក្នុង ការពិភាក្សានៅឯសន្និបាត ជាតិរបស់បក្សសាធារណរដ្ឋនៅទីក្រុង Milwaukee កាលពីសប្តាហ៍មុន ។
ប្រភពអនាមិក បានប្រាប់សារព័ត៌មានថា គោលដៅថ្មីដ៏មានសក្ដានុពលបច្ចុប្បន្ន គឺគ្រាន់តែជាការផ្ដល់យោបល់ប៉ុណ្ណោះ ហើយមិនត្រូវបានអនុម័ត ជាគោលការណ៍ផ្លូវការសម្រាប់ក្រុមលោក Trump នោះទេ ។ ទោះជាយ៉ាងណាក៏ដោយ ការពិភាក្សាអំពីគោល ដៅចំណាយថ្មី អាចនឹងធ្វើឱ្យមានភាពតាន តឹងកាន់តែខ្លាំង ប្រសិនបើលោក Trump ត្រូវជាប់ឆ្នោតជាប្រធានាធិបតី សហរដ្ឋអាមេរិកឡើងវិញ ក្នុងខែវិច្ឆិកា ដោយសារសម្ព័ន្ធមិត្តណាតូ មួយចំនួនកំពុងតស៊ូ ក្នុងការគ្រប់គ្រងបំណុលរបស់រដ្ឋាភិបាលរួចហើយ។
លោក Trump បានរិះគន់សមាជិកនៃប្លុកយោធានេះ អស់រយៈពេលជាយូរមកហើយ សម្រាប់ការមិនបានចំណាយ គ្រប់គ្រាន់លើវិស័យ យោធារបស់ពួកគេ ដោយមួយចំនួនបានធ្លាក់ ចុះពីការប្តេជ្ញាចិត្តក្នុងឆ្នាំ ២០១៤ ដើម្បីរួមចំណែក ២ភាគរយ នៃ GDP ដល់វិស័យការពារជាតិ ។
ការប៉ាន់ប្រមាណ របស់អង្គការណាតូ កាលពីឆ្នាំមុនបានបង្ហាញថា ១១ ក្នុងចំណោម ប្រទេសចំនួន ៣២ របស់ប្លុកនេះ សម្រេចបាននូវគោលដៅ ចំណាយ ២ភាគរយ ខណៈដែលមានតែប៉ូឡូញ សហរដ្ឋអាមេរិក និងក្រិកប៉ុណ្ណោះដែលត្រូវបាន គេប៉ាន់ស្មានថា អាចនឹងចំណាយ ៣ភាគរយ ឬច្រើនជាងនេះនៃផលិតផល ក្នុងស្រុកសរុបរបស់ពួកគេលើ វិស័យការពារជាតិ៕
ប្រែសម្រួលៈ ណៃ តុលា