ព័ត៌មានអន្តរជាតិ

តុលាការធម្មនុញ្ញាថៃ មានភស្តុតាងគ្រប់គ្រាន់ ក្នុងសំណុំរឿងប៉ុនប៉ង បណ្តេញនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន ចេញពីតំណែង និងសម្រេចលើករណីនេះ នៅថ្ងៃទី១៤សីហា

បរទេស៖ តុលាការធម្មនុញ្ញ របស់ប្រទេសថៃ បានប្រកាសនៅថ្ងៃពុធថា ខ្លួននឹងប្រកាសសេចក្តីសម្រេចនៅថ្ងៃទី ១៤ ខែសីហា ក្នុងសំណុំរឿង ស្វែងរកការបណ្តេញនាយករដ្ឋមន្ត្រីលោក សេដ្ឋា ថាវីស៊ីន ចេញពីតំណែង។ តុលាការបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តុលាការធម្មនុញ្ញបានពិចារណា និងរកឃើញថា ករណីនេះគឺជាបញ្ហាផ្លូវច្បាប់ ហើយមានភស្តុតាងគ្រប់គ្រាន់ ដើម្បីសម្រេចរឿងក្តីនេះ”។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សំណុំរឿងប្រឆាំងនឹងលោក សេដ្ឋា ថាវីស៊ីន បានធ្វើតាមពាក្យបណ្តឹង របស់សមាជិកព្រឹទ្ធសភា ដែលតែងតាំងដោយយោធា ចំនួន ៤០ នាក់កាលពីខែឧសភា ដែលត្រូវបានទទួល យកដោយតុលាការធម្មនុញ្ញ។ ករណីនេះពាក់ព័ន្ធនឹងការតែងតាំង អ្នកនយោបាយដ៏ចម្រូងចម្រាស លោក Pichit Chuenban ជារដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រី។

សមាជិកព្រឹទ្ធសភា បានចោទសួរទៅតុលាការថា តើលោក សេដ្ឋា ថាវីស៊ីន និងលោក Pichit Chuenban គួរតែត្រូវដកចេញពីតំណែងតាមមាត្រា ១៧០ (៤) និង (៥) នៃធម្មនុញ្ញដែលទាក់ទង នឹងក្រមសីលធម៌ របស់គណៈរដ្ឋមន្ត្រីដែរឬទេ?

សូមជម្រាបថា លោក Pichit ត្រូវបានកាត់ទោសឱ្យ ជាប់ពន្ធនាគាររយៈពេលប្រាំមួយខែ កាលពីឆ្នាំ២០០៨ រួមជាមួយនឹងសហការី ពីរនាក់ទៀត បន្ទាប់ពីពួកគេបានព្យាយាម សូកប៉ាន់មន្ត្រីតុលាការកំពូល ដោយប្រគល់ឱ្យពួកគេ នូវថង់ក្រដាសដែលមានប្រាក់ ២ លានបាត នៅក្នុងប្រអប់អាហារថ្ងៃត្រង់មួយ ។ លោក Pichit Chuenban ត្រូវបានអ្នករិះគន់ចាត់ទុកថា មិនសមនឹងធ្វើជា រដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីនោះទេ៕
ប្រែសម្រួលៈ ណៃ តុលា

To Top