ព័ត៌មានអន្តរជាតិ

លិចកប៉ាល់ ដឹកទំនិញនៅកោះតៃវ៉ាន់ ស្លាប់២នាក់ និងបាត់ខ្លួននាវិក៩នាក់ ខណៈព្យុះទីហ្វុង Gaemi ឆ្ពោះទៅកាន់ប្រទេសចិន

បរទេស៖ ព្យុះទីហ្វុង Gaemi បានបោកបក់ឆ្ពោះ ទៅភាគខាងត្បូងប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់នៅកោះតៃវ៉ាន់ ជាមួយនឹងនាវិក ៩នាក់បានបាត់ខ្លួន បន្ទាប់ពីកប៉ាល់ដឹកទំនិញរបស់ពួកគេបានលិច ក្នុងពេលអាកាសធាតុមានព្យុះ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ព្យុះទីហ្វុងមានកម្លាំងខ្លាំងក្លាបំផុត ដែលបានវាយប្រហារ កោះតៃវ៉ាន់ ដោយបានបង្ខំឱ្យអាជ្ញាធរនៅលើកោះនេះបិទសាលារៀន និងការិយាល័យ ផ្អាកផ្សារហ៊ុន និងជម្លៀសមនុស្ស រាប់ពាន់នាក់ចេញ ។

ព្យុះ Gaemi ក៏បានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំង ក្នុងប្រទេសហ្វីលីពីន នៅលើផ្លូវទៅកាន់កោះតៃវ៉ាន់ ដែលបង្កឲ្យមានទឹកជំនន់ និងការបាក់ដី។ កប៉ាល់ដឹកប្រេងចំណុះ ១,៤លានលីត្រ បានលិចចេញពីទីក្រុងម៉ានីល កាលពីថ្ងៃព្រហស្បតិ៍ ដោយអាជ្ញាធរកំពុងប្រជែងគ្នា ដើម្បីទប់ស្កាត់ការធ្លាយប្រេង។

អាជ្ញាធរអាកាសធាតុរបស់កោះតៃវ៉ាន់បាននិយាយថា ព្យុះបានចុះខ្សោយនៅព្រឹកថ្ងៃព្រហស្បតិ៍ ហើយ “បានតម្រង់ទៅសមុទ្រ” នៅម៉ោងប្រហែល 4:20 ព្រឹក (2020 GMT) ។

ទីភ្នាក់ងារពន្លត់អគ្គីភ័យរបស់កោះតៃវ៉ាន់ បាននិយាយថា ខ្លួនបានទទួលរបាយការណ៍កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា កប៉ាល់ដឹកទំនិញមួយបានលិច ចេញពីឆ្នេរសមុទ្រភាគខាងត្បូងរបស់កោះ ដោយបង្ខំឱ្យសមាជិកនាវិកមីយ៉ាន់ម៉ា ៩ នាក់របស់ខ្លួនបោះបង់ចោលកប៉ាល់ ដោយនាំគ្នាពាក់អាវសង្គ្រោះជីវិត។

លោក Hsiao Huan-chang ប្រធានទីភ្នាក់ងារពន្លត់អគ្គីភ័យបាននិយាយថា “ពួកគេបានធ្លាក់ចូលទៅក្នុងសមុទ្រ ហើយបានអណ្តែតនៅទីនោះ” ដោយបន្ថែមថាអ្នកជួយសង្គ្រោះបានទាក់ទងទៅកប៉ាល់ដឹកទំនិញតៃវ៉ាន់ ដែលនៅក្បែរនោះដើម្បីជួយពួកគេ៕

To Top