បរទេស៖ រោងចក្រ ការិយាល័យ និងធនាគារ បានបើកដំណើរការឡើងវិញក្នុងប្រទេសបង់ក្លាដែស កាលពីថ្ងៃពុធ បន្ទាប់ពីបម្រាមគោចរទូទាំងប្រទេស ដែលបង្ខំដោយកងទ័ពត្រូវបានបន្ធូរបន្ថយ ហើយភាពស្ងប់ស្ងាត់ត្រូវបានគ្រប់គ្រងបន្ទាប់ពីមានអំពើហិង្សាដ៏ខ្លាំងក្លាកើតឡើងជាច្រើនថ្ងៃ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ចរាចរណ៍ក្នុងម៉ោងមមាញឹកគឺត្រឡប់មករដ្ឋធានី Dhaka វិញហើយ ចំណែកប្រព័ន្ធអ៊ិនធឺណិត ត្រូវបានស្តារឡើងវិញ យ៉ាងទូលំទូលាយ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយសង្គម បន្តត្រូវបានផ្អាកបន្ទាប់ពីការតវ៉ា ដែលដឹកនាំដោយនិស្សិត ដែលបានប្រែក្លាយជាហិង្សាកាលពីសប្តាហ៍មុន។
មនុស្សជិត ១៥០នាក់ត្រូវបានសម្លាប់ ខណៈដែលកងកម្លាំងសន្តិសុខ បានបង្រ្កាបការប្រមូលផ្តុំប្រឆាំង នឹងកូតានៅក្នុងការងាររបស់រដ្ឋាភិបាល ដែលត្រូវបានបញ្ចូលឡើងវិញ ដោយដីការបស់តុលាការជាន់ខ្ពស់ កាលពីខែមុនក្នុងអំឡុងពេលមានវិបត្តិគ្មានការងារធ្វើ។ កូតារួមបញ្ចូលការកក់ទុកការងារសម្រាប់គ្រួសារ អ្នកប្រយុទ្ធនៅក្នុងសង្គ្រាមឯករាជ្យឆ្នាំ ១៩៧១ ។
យ៉ាងណាក៏ដោយ ក្រុមនិស្សិតបានផ្អាកការតវ៉ារបស់ពួកគេ កាលពីថ្ងៃអាទិត្យ នៅពេលដែលតុលាការកំពូលបានយល់ព្រមដកកូតាភាគច្រើន ហើយសម្រេចថា 93% នៃការងារគួរតែបើកចំហសម្រាប់ការប្រកួតប្រជែង។
កាលពីថ្ងៃពុធ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Sheikh Hasina បានបន្ធូរបន្ថយបម្រាមគោចរដែលខ្លួនបានដាក់កាលពីបួនថ្ងៃមុន ដើម្បីទប់ស្កាត់អំពើហិង្សាដែលរីករាលដាលនៅទូទាំងប្រទេស។
លោក Zunaid Ahmed Palak អនុរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យា បានប្រាប់អ្នកយកព័ត៌មានថា “សម្រាប់ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់នឹងនៅតែបិទ” ៕
ប្រែសម្រួលៈ ណៃ តុលា