ព័ត៌មានអន្តរជាតិ

អាមេរិក ចាប់ខ្លួនស្តេចគ្រឿងញៀនម៉ិកស៊ិក El Mayo និងកូនប្រុសរបស់ El Chapo ពេលចុះពីយន្តហោះឯកជន

AFP
" "

បរទេស៖ ស្តេចគ្រឿងញៀនម៉ិកស៊ិក Ismael “El Mayo” Zambada និងកូនប្រុសអតីតដៃគូរបស់គាត់ឈ្មោះ Joaquin “El Chapo” Guzman ត្រូវបានចាប់ខ្លួន នៅថ្ងៃព្រហស្បតិ៍នៅទីក្រុង El Paso រដ្ឋតិចសាស់ ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា Zambada គឺជាអ្នកជួញដូរដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្រ្ត របស់ប្រទេសម៉ិកស៊ិក ហើយក៏ជាសហស្ថានិករបស់ក្រុម Sinaloa Cartel ជាមួយ El Chapo ដែលត្រូវបានធ្វើបត្យាប័នទៅ សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៧ ហើយកំពុងជាប់គុកមួយជីវិត នៅក្នុងពន្ធនាគារសន្តិសុខ ក្នុងទោសកម្រិតអតិបរមា។

" "

ទាំង Zambada និង Joaquin Guzman Lopez ដែលជាកូន ប្រុសរបស់ El Chapo ប្រឈមមុខនឹងការចោទ ប្រកាន់ជាច្រើននៅសហរដ្ឋអាមេរិក សម្រាប់ការចែកចាយគ្រឿងញៀន ក្នុងបរិមាណដ៏ច្រើន ទៅកាន់ដងផ្លូវ របស់សហរដ្ឋអាមេរិក រួមទាំងថ្នាំ fentanyl ដែលបានកើនឡើងក្លាយ ជាមូលហេតុចម្បងនៃការស្លាប់ សម្រាប់ជនជាតិអាមេរិក ដែលមានអាយុចន្លោះពី ១៨ ឆ្នាំទៅ ៤៥ឆ្នាំ។

" "

មន្ត្រីអាមេរិកពីរនាក់បានប្រាប់រ៉យទ័រថា Zambada ដែលត្រូវបានគេជឿថា មានអាយុ ៧០ឆ្នាំ និង Guzman Lopez ដែលមានអាយុ ៣០ ឆ្នាំត្រូវបានឃុំខ្លួន បន្ទាប់ពីបានចុះចតក្នុងយន្តហោះឯកជន ក្នុងតំបន់ El Paso ។

Guzman Lopez គឺជាកូនប្រុសម្នាក់ ក្នុងចំណោមកូនប្រុសទាំងបួនរបស់ El Chapo ដែលត្រូវបានគេស្គាល់ថា Los Chapitos ឬ Little Chapos ដែលបានទទួលមរតកពីក្រុម Sinaloa Cartel របស់ឪពុកពួកគេ។ បងប្រុសរបស់គាត់ឈ្មោះ Ovidio Guzman ត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន ហើយបានធ្វើបត្យាប័នទៅសហរដ្ឋអាមេរិក។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមគ្រឿងញៀន Sinaloa Cartel បានក្លាយជាគោលដៅដ៏ធំបំផុត សម្រាប់អាជ្ញាធរសហរដ្ឋអាមេរិក ដែលបានចោទប្រកាន់ក្រុមឧក្រិដ្ឋកម្មថា ជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតនៃថ្នាំញៀន fentanyl ដល់សហរដ្ឋអាមេរិក៕

ប្រែសម្រួលៈ ណៃ តុលា

To Top