ព័ត៌មានអន្តរជាតិ

ព្យុះកំបុតត្បូងដ៏ខ្លាំងក្លា មួយបានបំផ្លិចបំផ្លាញ ផ្ទះអស់ចំនួន៧១ខ្នង នៅក្រុងរ៉ងហ្គូន ប្រទេសមីយ៉ាន់ម៉ា

រ៉ងហ្គូន៖ មន្ត្រីមួយរូបមកពីអង្គការសង្គ្រោះប្រចាំក្រុងរ៉ងហ្គូន បានប្រាប់ដល់ទីភ្នាក់ងារ Xinhua នៅថ្ងៃសុក្រនេះថា ព្យុះកំបុតត្បូងដ៏ខ្លាំងក្លាមួយបានបោកបក់ឆ្លងកាត់ភូមិចំនួន០២នៅក្នុងទីប្រជុំជន Kungyangon នៃតំបន់រ៉ងហ្គូន ដោយបានបំផ្លិចបំផ្លាញផ្ទះអស់ចំនួន៧១ខ្នង ។

មន្រ្តីបានឲ្យដឹងថា ខ្យល់ព្យុះកំបុតត្បូងមួយ បានវាយប្រហារនៅ ម៉ោងប្រហែល៤និង៤៥នាទីព្រឹក ម៉ោងនៅក្នុងតំបន់ ។

ក្នុងចំណោមផ្ទះចំនួន៧១ខ្នងនោះ  គឺមានចំនួន៣៤ខ្នង ត្រូវបានបំផ្លាញទាំងស្រុង ហើយផ្ទះដែលនៅសល់ ត្រូវបាក់រលំដំបូលជាច្រើន ។ លោកលើកឡើងទៀតថា មនុស្សជាង៣៤០នាក់ បានរងផលប៉ះពាល់ដោយសារព្យុះនេះ ។

មន្ត្រីដដែលនេះបានបញ្ជាក់ថា នាយកដ្ឋានសេវាកម្មពន្លត់អគ្គីភ័យ នាយកដ្ឋានពាក់ព័ន្ធ ក្រុមជួយសង្គ្រោះ និងសមាគមកាកបាទក្រហមមីយ៉ាន់ម៉ា បានសហការគ្នា ដើម្បីបោសសម្អាតដើមឈើ និងយកកម្ទេចកម្ទីចេញពីលើផ្លូវ ហើយបានធ្វើការជម្លៀសអ្នកស្រុក ដែលរងផលប៉ះពាល់ ឲ្យទៅកាន់វត្តមួយកន្លែង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top