ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ប្តេជ្ញាត្រឡប់ទៅទីតាំង ដែលខ្មាន់កាំភ្លើងប៉ុនប៉ងធ្វើឃាតលោក

បរទេស៖ បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃសុក្រថា លោកនឹងត្រឡប់ទៅរដ្ឋ Pennsylvania ជាកន្លែងដែលលោកបានរួចផុតពីការប៉ុនប៉ងធ្វើឃាតយ៉ាងចង្អៀត ខណៈដែលអនុប្រធានាធិបតីលោកស្រី Kamala Harris បានកំណត់ការប៉ុនប៉ងរយៈពេលមួយសប្តាហ៍របស់លោកស្រីដើម្បីក្លាយជាបេក្ខភាពប្រធានាធិបតី នៃគណបក្សប្រជាធិបតេយ្យ ជាមួយនឹងការយល់ព្រមពីអតីតប្រធានាធិបតីលោក Barack Obama ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានសរសេរនៅលើគេហទំព័រ Truth Social របស់លោកដោយមិនផ្តល់ព័ត៌មានលម្អិតថា នៅពេលណា ឬកន្លែងណាដែលការប្រមូលផ្តុំគ្នានឹងប្រព្រឹត្តទៅនោះទេ ដោយលោកថា “ខ្ញុំនឹងត្រលប់ទៅ Butler រដ្ឋ PennsylVANIA វិញសម្រាប់ការជួបជុំដ៏ធំ និងស្រស់ស្អាត។

លោកស្រី Harris ដែលជាស្ត្រីជនជាតិស្បែកខ្មៅដំបូងគេ និងជាជនជាតិអាមេរិកដើមកំណើតអាស៊ីដំបូងគេដែល
កាន់តំណែងជាអនុប្រធានាធិបតីនោះ បានបង្រួបបង្រួមការគាំទ្រពីគណបក្សប្រជាធិបតេយ្យយ៉ាងឆាប់រហ័ស
បន្ទាប់ពីប្រធានាធិបតីលោក Joe Biden បានជ្រើសរើសលោកស្រីឱ្យឡើងស្នងតំណែងពីលោកកាលពីថ្ងៃអាទិត្យ។ ការស្ទង់មតិសាធារណៈមួយក្តាប់តូចនៅសប្តាហ៍នេះបានបង្ហាញពីការចាប់ផ្តើមរបស់លោកស្រីក្នុងការកាត់បន្ថយការនាំមុខរបស់លោក ត្រាំ ។

ការស្ទង់មតិរបស់ Wall Street Journal ថ្ងៃសុក្របានបង្ហាញថា លោក ត្រាំ ទទួលបានការគាំទ្រ 49% និងលោកស្រី Harris ទទួលបានការគាំទ្រ 47% ជាមួយកំហុសបីភាគរយ។ ការស្ទង់មតិរបស់កាសែតកាលពីដើមខែនេះបានបង្ហាញថាលោក ត្រាំ នាំមុខលោក Biden ពី 48% ទៅ 42% ៕

ប្រែសម្រួលៈ ណៃ តុលា

To Top