រីយ៉ូ៖ ប្រធានហិរញ្ញវត្ថុនៃក្រុមសេដ្ឋកិច្ចទាំង២០ បានព្រមព្រៀងគ្នា ក្នុងគោលបំណងចុះហត្ថលេខា “ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន” នៃសន្ធិសញ្ញាពន្ធ ដែលនឹងកំណត់គោលដៅដល់ក្រុមហ៊ុនយក្សឌីជីថល និងពហុជាតិ ដោយគូសបញ្ជាក់អំពីតម្រូវការ សម្រាប់ប្រព័ន្ធពន្ធដារដ៏ត្រឹមត្រូវ និងជឿនលឿន។
បញ្ចប់កិច្ចពិភាក្សារយៈពេលពីរថ្ងៃនៅទីក្រងរីយ៉ូ ប្រទេសប្រេស៊ីល ប្រទេសសេដ្ឋកិច្ច G20 ក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធានាស្ថិរភាពនៅក្នុងទីផ្សារប្តូរប្រាក់បរទេស ដោយមើលឃើញថា ការប្រែប្រួលហួសហេតុ និងគ្មានសណ្តាប់ធ្នាប់ នឹងជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធហិរញ្ញវត្ថុរបស់ពួកគេនៅពេលប្រាក់ដុល្លារឡើងថ្លៃ។
បច្ចុប្បន្នប្រទេសជាច្រើនកំពុងចូលរួមក្នុងការបញ្ចប់អត្ថបទនៃសន្ធិសញ្ញាពន្ធលើសេវាកម្មឌីជីថលសម្រាប់ការយកពន្ធដោយយុត្តិធម៌។ គោលបំណង គឺតម្រូវឱ្យក្រុមហ៊ុនបង់ពន្ធដោយស្មើភាពក្នុងប្រទេស ដែលពួកគេមិនមានវត្តមាន ប៉ុន្តែបង្កើតប្រាក់ចំណេញតាមរយៈការផ្តល់សេវាកម្ម។
ប្រទេសប្រេស៊ីល ដែលជាប្រធាន G20 នៅឆ្នាំនេះ បានដាក់សារៈសំខាន់លើការដោះស្រាយវិសមភាព និងបានស្នើឡើងនូវការយកពន្ធលើអ្នកមានកំពូល ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យការយកពន្ធមានភាពយុត្តិធម៌។
G20 បានឲ្យដឹងនៅក្នុងឯកសារលទ្ធផលរបស់ខ្លួនស្តីពីកិច្ចសហប្រតិបត្តិការពន្ធអន្តរជាតិថា “វាមានសារៈសំខាន់ សម្រាប់អ្នកជាប់ពន្ធទាំងអស់ រួមទាំងបុគ្គល ដែលមានទ្រព្យសម្បត្ដិច្រើនផងដែរ ដើម្បីចូលរួមចំណែកដោយយុត្តិធម៌របស់ពួកគេនៅក្នុងពន្ធ” ។
ប្រភពបានបន្ដថា “ការគេចវេសពន្ធយ៉ាងខ្លាំងក្លា ឬការគេចវេសពីបុគ្គល ដែលមានទ្រព្យសម្បត្ដិច្រើន អាចបំផ្លាញភាពយុត្តិធម៌នៃប្រព័ន្ធពន្ធ ដែលភ្ជាប់មកជាមួយការកាត់បន្ថយប្រសិទ្ធភាពនៃការបង់ពន្ធជឿនលឿន”៕
ប្រែសម្រួល ឈូក បូរ៉ា