ព័ត៌មានអន្តរជាតិ

ហេតុអ្វី បានជាប្រទេសចិន ប្រកាន់ខ្ជាប់ការធ្វើកំណែ ទម្រង់និង បើកទូលាយ ?

ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានដាក់ចេញ គោលនយោបាយ ជាច្រើន ដើម្បីឈានដល់ការសម្រេច បានគោលដៅតស៊ូ «១ សតវត្សរ៍ចំនួនពីរ» ពោលគឺគោលដៅសម្រេច បាននូវការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរនៅមុនឆ្នាំ ២០២១ ដែលជាខួប ១០០ ឆ្នាំ នៃការបង្កើតបក្ស កុម្មុយនីស្តចិន ដែលគោលដៅនេះ បានសម្រេចដោយជោគជ័យរួចហើយ ។ ចំណែកឯគោលដៅតស៊ូទីពីរគឺការឆ្ពោះ ទៅរកការសម្រេចបាននូវការកសាង ប្រទេសសង្គមនិយមទំនើប ដែលប្រកបដោយភាពសម្បូរសប្បាយនិងខ្លាំងក្លា ប្រជាធិបតេយ្យ អរិយធម៌ ចុះសម្រុងនិងស្រស់ស្អាតនៅមុនឆ្នាំ ២០៤៩ ដែលជាខួប ១០០ ឆ្នាំនៃការបង្កើត សាធារណរដ្ឋប្រជាមានិតចិន ។

ហេតុអ្វីបានជាប្រទេសចិន ប្រកាន់ខ្ជាប់ការធ្វើកំណែទម្រង់និងបើកទូលាយ ?

តាំងពីបានដាក់ចេញគោលនយោបាយកំណែទម្រង់ និងបើកទូលាយមក ប្រទេសចិនបានប្រកាន់ខ្ជាប់ជា និច្ចនូវការអភិវឌ្ឍខ្លួនឯង និងមានឆន្ទៈចែករំលែកនូវបទពិសោធ នៃការអភិវឌ្ឍរបស់ខ្លួនជាមួយបណ្តាប្រទេសនានា ក៏ដូចជារៀនសូត្រ ពីបទពិសោធអភិវឌ្ឍន៍ ដ៏មានតម្លៃរបស់ប្រទេសផ្សេងៗ ដើម្បីឈានដល់ការអភិវឌ្ឍរួម ។ នៅក្នុងដំណើរការនេះ ការបើកទូលាយ បានក្លាយជាជម្រើសដែលមិនអាចខ្វះបាន ។

ការប្រកាន់ខ្ជាប់គោល នយោបាយកំណែទម្រង់ និងបើកទូលាយបានជំរុញឱ្យសេដ្ឋកិច្ចចិនមានការអភិវឌ្ឍបែបលោតផ្លោះ ដែលផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំ ១៩៧៨ មានត្រឹមតែ ៣៦៧៩០០ លានយាន់ប្រាក់ចិនប៉ុណ្ណោះ តែនៅឆ្នាំ ២០២៣ GDP របស់ចិនមានដល់ទៅជាង ១២៦.០៦ ទី្រលានយាន់ប្រាក់ចិន ដែលកើនឡើងជិត ៣៥០ ដង ព្រមទាំងបានក្លាយជាអង្គភាពសេដ្ឋកិច្ចធំទី ២ លើពិភពលោក និងជាប្រទេសដែលផ្តល់ជំនួយច្រើន បំផុតដល់ប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត ។

ការប្រកាន់ខ្ជាប់គោលនយោបាយ កំណែទម្រង់និងបើកទូលាយបាននាំប្រទេសចិន រើបម្រះចេញពីអ្វី ដែលកាលពីអតីតកាលមានប្រទេសមួយចំនួន ធ្លាប់ដាក់ងារថា«អ្នកជំងឺអាស៊ីបូព៌ា» និងប្រែក្លាយជានាគនៅអាស៊ី រហូតដល់មានឥទ្ធិពលយ៉ាងសំខាន់ចំពោះការអភិវឌ្ឍនៃពិភពលោកទាំងមូល ។ ក្នុងឋានៈជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញនិងលំនឹងសន្តិភាពពិភពលោក ។

ការប្រកាន់ខ្ជាប់គោល នយោបាយ កំណែទម្រង់និងបើកទូលាយ បាននាំឱ្យប្រទេសចិន ប្រែក្លាយពីប្រទេសមួយ ក្នុងចំណោមប្រទេស ដែលមានចំនួនជនក្រីក្រច្រើនបំផុត លើពិភពលោកទៅជាប្រទេសទីមួយ លើពិភពលោកដែលប្រជាជនក្រីក្រទូទាំងប្រទេស បានចាកចេញពីភាពក្រីក្រទាំងស្រុង ។ បុព្វហេតុដ៏អច្ឆរិយនេះ ត្រូវបានកត់ត្រា ក្នុងទំព័រប្រវត្តិសាស្ត្រ នៃមនុស្សជាតិ ហើយបទពិសោធនិងគោលនយោបាយ កាត់បន្ថយភាពក្រីក្រ របស់ប្រទេសចិន ត្រូវបានដាក់បញ្ចូលក្នុងសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតអង្គការសហប្រជាជាតិ ជាច្រើនលើកដើម្បីចែករំលែកជាមួយប្រទេសនានា ។

ការប្រកាន់ខ្ជាប់គោលនយោបាយកំណែទម្រង់និងបើកទូលាយបានធ្វើឱ្យ«រង្វង់មិត្តភក្តិ»របស់ប្រទេសចិនកាន់តែរីកធំឡើងៗ ពោលគឺគិតត្រឹមថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៤ មានប្រទេសចំនួន ១៨៣ នៅលើពិភពលោក បានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ។ មិនថាប្រទេសធំឬតូច មិនថាជាតិសាសន៍ឬពណ៌សម្បុរណា ក៏ប្រទេសចិនបានរាប់រក ដោយសមភាព និងគោរពគ្នាទៅវិញទៅមក ដូចជាឃ្លាមួយក្នុងចម្រៀងបទ «ស្រណោះប្រទេសចិន»ដែលជាព្រះរាជនិពន្ធរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានលើកឡើងថា«អ្នកជាមហាអំណាចដែលអាចឆ្មើងដ៏ឧត្ដម ប៉ុន្តែអ្នកចេះគួរសម មិនរើសអើងធំឬតូចយ៉ាងណា» ។

ការប្រកាន់ខ្ជាប់គោលនយោបាយកំណែទម្រង់ និងបើកទូលាយបានធ្វើឱ្យប្រទេសចិន មានភាពឯករាជ្យម្ចាស់ការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ។ កាលពីអតីតកាល ការអភិវឌ្ឍនៃវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមួយចំនួនធំរបស់ប្រទេសចិន ត្រូវពឹងផ្អែកលើបរទេសទាំងស្រុង ប៉ុន្តែបច្ចុប្បន្ននេះ មានវិស័យជាច្រើនមិន ត្រឹមតែមិនចាំបាច់ពឹងផ្អែកលើបរទេសនោះទេ ប៉ុន្តែថែមទាំងបានចែករំលែក សមិទ្ធផលនៃការសិក្សាស្រាវជ្រាវ ដើម្បីជាឧត្តមប្រយោជន៍ដល់សង្គម មនុស្សជាតិទៀតផង តួយ៉ាងដូចជាប្រព័ន្ធផ្កាយរណប កំណត់ទីតាំង បន្ទះឈីប ស្ថានីយអវកាសជាដើម ជាពិសេសការយកសំណាកដីពីផ្ទៃខាងក្រោយនៃភពព្រះចន្ទដែលជាសមិទ្ធផលសិក្សាស្រាវជ្រាវដំបូងបង្អស់លើពិភពលោក ។

ចូលក្នុងយុគសម័យថ្មី ប្រទេសចិនបានឈានចូលដំណាក់ការ «ធ្វើទំនើបកម្មតាមបែបផែនចិន» ដើម្បីឈានទៅរកការស្តារភាពរុងរឿង ដ៏អស្ចារ្យ របស់ប្រជាជាតិចិន ឡើងវិញ ។ ក្នុងនោះ «ការបើកទូលាយដោយកម្រិតខ្ពស់» ត្រូវបានតាក់តែងជាជំពូក ឯករាជ្យមួយ ក្នុងរបាយការណ៍ សមាជបក្សកុម្មុយនីស្តចិន លើកទី ២០ ដែលបង្ហាញយ៉ាង ប្រចក្សនូវការប្តេជ្ញាចិត្តរបស់ចិន ក្នុង ការជំរុញការបើកទូលាយ ។ ចំណែកឯផែនការគោល នៃការអភិវឌ្ឍ ដោយគុណភាពខ្ពស់ ដែលលើកឡើងក្នុងកិច្ចប្រជុំពេញអង្គលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនអាណត្តិទី ២០ ដែលទើបបិទបញ្ចប់គឺការធ្វើឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ថែមទៀតនូវកំណែទម្រង់ ។

«បើកទូលាយរស់ បិទទ្វារស្លាប់» មានតែការ បើកទូលាយ ទើបអាចនាំមកនូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ទើបអាចចែករំលែកពីសមិទ្ធផល អភិវឌ្ឍន៍ទៅវិញទៅមក ពិសេសប្រឈមនឹងភាពស្មុគស្មាញ នៃស្ថានការណ៍ពិភពលោកបច្ចុប្បន្ន ដែលមានទាំងបម្រែបម្រួលខាង និម្មាបនកម្មសកលនិងវិបត្តិផ្ទួនៗ នោះគឺតម្រូវឱ្យប្រទសទាំងអស់ ពួតដៃគ្នាដើម្បីជម្នះឧបសគ្គ និងស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ ។ តាមរយៈគោលនយោបាយ បើកទូលាយដោយកម្រិតខ្ពស់របស់ ខ្លួនប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសនានាដើម្បីសម្រេចបាននូវការអភិវឌ្ឍរួម វិបុលភាពរួមនិងកសាង សហគមន៍រួមវាសនារបស់មនុស្សជាតិនៅទីបំផុត ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top