ព័ត៌មានអន្តរជាតិ

ពលរដ្ឋហ្គាហ្សា រាប់ពាន់នាក់ត្រូវអ៊ីស្រាអែល ដាក់បញ្ជាឲ្យភៀសខ្លួនជាបន្ទាន់

ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីជំរុំជនភៀសខ្លួន Bureij និងជាយក្រុងរបស់ខ្លួននៅភាគកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីបញ្ជាជម្លៀសរបស់អ៊ីស្រាអែល។

WAFA បានបន្ថែមថា អ្នកជម្លៀសជាច្រើនបានធ្វើដំណើរទៅកាន់ Deir al-Balah និង Nuseirat ផងដែរដែលមានទីតាំតនៅកណ្តាលតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យយោធា អ៊ីស្រាអែល លោក Avichay Adraee បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា បន្ទាប់ពីការបាញ់ផ្លោង គ្រាប់រ៉ុក្កែតដោយ “អង្គការភេរវករ” ពីក្នុងចំណោមអ្នកស្រុក នៃតំបន់ Bureij និង Shuhada កងទ័ពអ៊ីស្រាអែល នឹងធ្វើការដោយកម្លាំងប្រឆាំង នឹងបណ្ដាញភេរវករ ដែលសកម្មនៅទីនោះ”។

លោក Adraee បានជំរុញឱ្យអ្នកស្រុកនៅតំបន់ Bureij និង Shuhada ជម្លៀសភ្លាមៗទៅកាន់តំបន់មនុស្សធម៌នៅ Al-Mawasi ភាគខាងត្បូងតំបន់ហ្គាហ្សា ដើម្បីសុវត្ថិភាពរបស់ពួកគេ។

មនុស្សរាប់ម៉ឺននាក់កំពុងជួបប្រទះរលកថ្មីនៃការផ្លាស់ទីលំនៅផ្ទៃក្នុង នៅទូទាំងតំបន់ហ្គាហ្សា ដោយសារតែការចេញបញ្ជាជម្លៀសដោយយោធាអ៊ីស្រាអែល និងអរិភាពកាន់តែខ្លាំង នេះបើយោងតាមការធ្វើបច្ចុប្បន្នភាព ពីការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួល កិច្ចការមនុស្សធម៌កាលពីថ្ងៃសុក្រ។

ការធ្វើបច្ចុប្បន្នភាពបានឲ្យដឹងថា ចន្លោះពីថ្ងៃទី២២ និង ២៥ ខែកក្កដា មនុស្សប្រហែល ១២,៦០០នាក់ត្រូវបានផ្លាស់ទីលំនៅពីជំរុំជនភៀសខ្លួន Bureij ទៅកាន់ជំរុំជនភៀសខ្លួន Maghazi និង Nuseirat ទាំងអស់នៅក្នុងតំបន់ Deir al Balah ។

Philippe Lazzarini អគ្គស្នងការនៃទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការ សហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីថ្ងៃអាទិត្យថា បច្ចុប្បន្ននេះមានតែ ១៤ភាគរយនៃតំបន់នៅតំបន់ហ្គាហ្សាស្ទ្រីប មិនស្ថិតនៅក្រោមការបញ្ជាជម្លៀសនោះទេ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top