ប៉ារីស៖ មេដឹកនាំនយោបាយ ក្រុមហាម៉ាស់លោក Ismail Haniyeh ត្រូវបានសម្លាប់នៅថ្ងៃពុធនេះ នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអ៊ែលក្នុងប្រទេសអ៊ីរ៉ង់ ក្នុងទង្វើមួយ ដែលបានធ្វើឲ្យសហគមន៍ អន្តរជាតិ ស្រឡាំងកាំងជាខ្លាំង ។
អ៊ីស្រាអ៊ែល មិនបានធ្វើ អត្ថាធិប្បាយ អំពីការស្លាប់នេះនោះទេ ប៉ុន្តែប្រទេសជាច្រើន បានព្រមានថា រឿងនេះនឹងជះឥទ្ធិពល យ៉ាងខ្លាំង ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យមានបទឈប់បាញ់ នៅក្នុងសង្រ្គាម តំបន់ហ្គាហ្សា ។
លោក Mahmud Abbas ប្រធានអាជ្ញាធរប៉ាឡេស្ទីន គឺ ជាគូប្រជែងរបស់លោក Haniyeh ប៉ុន្តែបានថ្កោលទោសការ សម្លាប់នេះថា វាជារឿង “កំសាក” ។
ការិយាល័យរបស់លោកបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកប្រធានាធិបតី Mahmud Abbas នៃរដ្ឋប៉ាឡេស្ទីន បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh ដោយចាត់ទុកថា វាជាទង្វើដ៏កំសាក និងជាការបង្កើនសម្ពាធកាន់តែធ្ងន់ធ្ងរ” ។
លោកបានបញ្ជាក់ថា “គាត់បានជំរុញឲ្យពលរដ្ឋរបស់យើង និងកងកម្លាំង របស់ពួកគេឱ្យរួបរួមគ្នា រក្សាភាពអត់ធ្មត់ និងមានជំហរយ៉ាងរឹងមាំប្រឆាំង នឹងការកាន់កាប់ របស់អ៊ីស្រាអ៊ែល” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា