បរទេស ៖ តុលាការរបស់ថៃ កាលពីថ្ងៃពុធបានបដិសេធ ការអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រាចាកចេញទៅទីក្រុងឌូបៃ សម្រាប់ការ ព្យាបាលផ្នែកវេជ្ជសាស្រ្ត ដែលនេះគឺមានរយៈ ពេលត្រឹមតែបីសប្តាហ៍មុន ពេលសវនាការលើកដំបូងនៅក្នុងសំណុំរឿងប្រមាថព្រះមហាក្សត្រ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែក តាមប្រភពមួយដែល បាននិយាយថា លោក ថាក់ស៊ីន បានដាក់សំណើកាលពីថ្ងៃសៅរ៍ ដោយសុំការអនុញ្ញាត ឱ្យចាកចេញពីប្រទេស ហើយស្នាក់នៅក្នុងទីក្រុងឌូបៃ ពីថ្ងៃទី ១ ដល់ទី ១៦ ខែសីហា។
លោក ថាក់ស៊ីន ត្រូវបានតុលាការចោទ ប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងឧក្រិដ្ឋកម្មកុំព្យូទ័រ ជុំវិញការអត្ថាធិប្បាយ ដែលលោកបានធ្វើអំឡុងពេលសម្ភាសន៍ប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ ២០១៥។ លោកត្រូវឡើងតុលាការនៅថ្ងៃទី១៩ សីហា សម្រាប់សវនាការលើកទី១ ការពិនិត្យភស្តុតាង និងបញ្ជីសាក្សី។
លោក ថាក់ស៊ីន បាននិយាយថា គាត់ចង់ទៅជួបគ្រូពេទ្យនៅទីក្រុងឌូបៃ ដែលបានព្យាបាលគាត់សម្រាប់ជំងឺរលាកសួតរ៉ាំរ៉ៃ ជំងឺផ្លូវដង្ហើម និងសរសៃឈាមបេះដូង និងដុំសាច់ក្នុងទីក្រុងឌូបៃ នៅថ្ងៃទី២ និងថ្ងៃទី៨ ខែសីហា។
លោក ថាក់ស៊ីន បាននិយាយថា លោកក៏ត្រូវជួបមនុស្សសំខាន់ៗលើមុខជំនួញផ្ទាល់ខ្លួននៅទីក្រុងឌូបៃ ហើយនឹងត្រឡប់ទៅប្រទេសថៃវិញមុនកាលបរិច្ឆេទរបស់គាត់ជាមួយតុលាការនៅថ្ងៃទី១៩ ខែសីហា។
តុលាការបានសម្រេចថាជំងឺរបស់លោកថាក់ស៊ីនក៏កើតមានក្នុងចំណោមសាធារណជនទូទៅដែរ ហើយគ្រូពេទ្យនៅប្រទេសថៃ អាចព្យាបាលបានដែរ។ តុលាការបាននិយាយថា ការណាត់ជួបរបស់លោក ថាក់ស៊ីន ជាមួយមនុស្សផ្សេងទៀតនៅទីក្រុងឌូបៃ ជារឿងផ្ទាល់ខ្លួន។
តុលាការមិនឃើញមានភាពចាំបាច់ សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសឡើយ ហើយខណៈពេលដែលការស្នើសុំគឺជិត ដល់ថ្ងៃទី ១៩ ខែសីហា លោកថាក់ស៊ីន មិនអាចត្រូវបានអនុញ្ញាត ឱ្យចាកចេញពីប្រទេសនោះទេ ដោយតុលាការ បានច្រានចោលសំណើនេះ។
សូមបញ្ជាក់ថា លោកថាក់ស៊ីន ត្រូវបានតុលាការ ចោទប្រកាន់ពីបទបទបរិហារកេរ្តិ៍ រាជានិយមកាលពីថ្ងៃទី១៨ ខែមិថុនា ហើយបន្ទាប់មកត្រូវបានដោះលែងឱ្យនៅក្រៅឃុំ ដោយបង់ប្រាក់ធានាចំនួន ៥០០.០០០ បាត និងត្រូវបានហាមឃាត់ មិនឱ្យចាកចេញពីប្រទេស ដោយគ្មានការអនុញ្ញាតពីតុលាការជាមុន៕
ប្រែសម្រួលៈ ណៃ តុលា
