ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអ៊ីរ៉ង់ ចោទអ៊ីស្រាអែល និងប្តេជ្ញាសងសឹកចំពោះការស្លាប់ របស់ប្រធាននយោបាយក្រុមហាម៉ាស់ នៅក្នុងទឹកដីរបស់ខ្លួន

RT News

បរទេស៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានសន្យាថានឹងសងសឹកចំពោះការស្លាប់ របស់ប្រធាននយោបាយក្រុមហាម៉ាស់ លោក Ismail Haniyeh ដែលត្រូវបានសម្លាប់នៅក្នុងការ វាយប្រហារដោយកាំជ្រួចនៅក្នុងទីក្រុង តេហេរ៉ង់ កាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសនៅទូទាំងតំបន់បានស្តីបន្ទោស ការវាយប្រហារបណ្តាលឱ្យស្លាប់ ប្រធាននយោបាយក្រុមហាម៉ាស់ ទៅលើអ៊ីស្រាអែល ប៉ុន្តែរដ្ឋជ្វីហ្វមិនទាន់ធ្វើអត្ថាធិប្បាយជាផ្លូវការនៅឡើយទេ។

បន្ទាប់ពីការធ្វើឃាតនេះ គណនី X ដែលបកប្រែ និងចែករំលែកសេចក្តីថ្លែងការណ៍របស់លោក Khamenei បានបង្ហោះសារពីមេដឹកនាំអ៊ីរ៉ង់ដោយនិយាយថា “បន្ទាប់ពីព្រឹត្តិការណ៍ដ៏ជូរចត់ និងសោកនាដកម្មដែលបានកើតឡើង នៅក្នុងព្រំដែននៃសាធារណរដ្ឋអ៊ីស្លាម វាជាកាតព្វកិច្ចរបស់យើងក្នុងការសងសឹក” ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ លោក Khamenei បានសន្យាថា “ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ” សម្រាប់អ៊ីស្រាអែល ជុំវិញការសម្លាប់លោក Haniyeh ដោយអះអាងថា “ឧក្រិដ្ឋជន និងភេរវកររបប Zionist បានសម្លាប់ភ្ញៀវជាទីស្រឡាញ់របស់យើង នៅក្នុងផ្ទះរបស់យើង ហើយបានធ្វើឱ្យយើងបាត់បង់ជីវិត ប៉ុន្តែអ្នកនោះក៏បានរៀបចំមូលដ្ឋានសម្រាប់ការ ដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរសម្រាប់ខ្លួនឯងផងដែរ។ ”

ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ក៏បានថ្កោលទោសការវាយប្រហារ លើលំនៅដ្ឋានរបស់លោក Haniyeh ក្នុងទីក្រុង Tehran ដោយប្តេជ្ញាការពារបូរណភាពទឹកដី កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សាធារណរដ្ឋអ៊ីស្លាម និងធ្វើឱ្យ “អ្នកកាន់កាប់ភេរវករសោកស្តាយចំពោះ សកម្មភាពកំសាករបស់ពួកគេ” ។

អង្គភាពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ក៏បានគំរាមអ៊ីស្រាអែលជាមួយនឹង “ការឆ្លើយតបយ៉ាងធ្ងន់ធ្ងរ និងឈឺចាប់” ពីអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top