ព័ត៌មានអន្តរជាតិ

លោកខាងលិចនិងរុស្សី​ ធ្វើការផ្លាស់ប្តូរអ្នកទោសក្នុងទំហំច្រើនបំផុតមួយ មិនធ្លាប់មានចាប់តាំងពី សម័យសង្គ្រាមត្រជាក់

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រុស្ស៊ីបានយល់ព្រមដោះលែងអ្នកយកព័ត៌មាន Wall Street Journalដែលមានឈ្មោះ Evan Gershkovich និងអតីតទាហានម៉ារីនអាមេរិក Paul Whelan ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរ អ្នកទោសដ៏សំខាន់ជាមួយលោកខាងលិច ដែលបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍។

ការដោះដូរអ្នកទោសបានកើតឡើង នៅក្នុងប្រទេសជាច្រើន ហើយត្រូវបានចាត់ទុកថាជាការផ្លាស់ប្តូរដ៏ធំបំផុតមួយ ចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់។

ការដោះដូរអ្នកទោសធំចុងក្រោយ បានធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំ២០២២ដោយសហរដ្ឋអាមេរិក បានដោះលែងអ្នកជំនួញរុស្ស៊ី Viktor Boutកីឡាករ Brittney Griner ដែលជាអ្នកលេងបាល់បោះ ដែលត្រូវបានកាត់ទោសពីបទចោទប្រកាន់ គ្រឿងញៀននៅទីក្រុងមូស្គូជាដើម។

ទីភ្នាក់ងារសន្តិសុខសហព័ន្ធរបស់រុស្ស៊ី បានចែករំលែកវីដេអូមួយដែល បង្ហាញពីរបៀបដែលពលរដ្ឋរុស្ស៊ី និងបរទេសដែលចូលរួមក្នុងការដោះដូរ អ្នកទោសកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងអង់ការ៉ាត្រូវបានឡើងលើយន្តហោះ មុនពេលចូលរួមក្នុងការផ្លាស់ប្តូរ។

គួរឲ្យដឹងដែរថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យលើកលែងទោស ដល់ជនជាប់ចោទរុស្ស៊ី និងបរទេសដែលត្រូវបានផ្លាស់ប្តូរ នៅក្នុងការដោះដូរអ្នកទោសជាមួយលោកខាងលិច នៅទីក្រុងអង់ការ៉ាកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top