ព័ត៌មានអន្តរជាតិ

គ្រាប់រ៉ុក្កែត ៦០គ្រាប់ ត្រូវបានបាញ់ចេញពីប្រទេសលីបង់ ចូលអ៊ីស្រាអែល បន្ទាប់ពីការធ្វើឃាតមេទ័ពកំពូលក្រុម ហេសបូឡា

AFP

បរទេស៖ យ៉ាងហោចណាស់គ្រាប់រ៉ុក្កែតចំនួន ៦០គ្រាប់ ត្រូវបានបាញ់ចេញពីភាគខាងត្បូងប្រទេសលីបង់ ឆ្ពោះទៅភាគខាងជើងប្រទេសអ៊ីស្រាអែល កាលពីល្ងាចថ្ងៃព្រហស្បតិ៍ នៅក្នុងការវាយប្រហារលើកដំបូងចាប់តាំងពីទីក្រុង Tel Aviv (អ៊ីស្រាអែល) បានធ្វើឃាតមេបញ្ជាការកំពូលក្រុមប្រដាប់អាវុធ ហេសបូឡា លោក Fuad Shukr កាលពីដើមសប្តាហ៍នេះក្នុងទីក្រុង Beirut។

យោងតាមគេហទំព័រ aa.com ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ទូរទស្សន៍សាធារណៈរបស់អ៊ីស្រាអែល KAN បានផ្សាយថា គ្រាប់រ៉ុក្កែតត្រូវបានបាញ់ឆ្ពោះទៅកាន់តំបន់ Western Galilee ដោយក្នុងនោះ ១៥គ្រាប់ត្រូវបានស្ទាក់ចាប់។

សេចក្តីថ្លែងការណ៍របស់ កងទ័ពអ៊ីស្រាអែលបាននិយាយថា គ្រាប់រ៉ុក្កែតចំនួន៥គ្រាប់បានឆ្លងពីប្រទេសលីបង់ ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដែលមួយចំនួនត្រូវបានស្ទាក់ចាប់ ហើយនៅសល់បានធ្លាក់នៅតំបន់បើកចំហ និងគ្មានការរងរបួសត្រូវបានគេរាយការណ៍នោះទេ។

ក្រុមប្រដាប់អាវុធ ហេសបូឡា មិនបានធ្វើអត្ថាធិប្បាយ ជុំវិញហេតុការណ៍នេះទេ។ មុននេះ វិទ្យុកងទ័ពអ៊ីស្រាអែល បានបញ្ជាក់ពីការបាញ់សំដៅទៅតំបន់ Western Galilee។

សូមជម្រាបថា យ៉ាងហោចណាស់មនុស្ស ៧ នាក់រួមទាំងកុមារពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃអង្គារនៅទីក្រុងបេរូត ប្រទេសលីបង់ ដែលបានសម្លាប់លោក Shukr មេបញ្ជាការកំពូលក្រុមប្រដាប់អាវុធ ហេសបូឡា ។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលលីបង់។

អ៊ីស្រាអែលបានស្តីបន្ទោស Shukr សម្រាប់ការវាយប្រហារដោយមីស៊ីល កាលពីថ្ងៃសៅរ៍ដែលបានសម្លាប់មនុស្ស ១២ នាក់នៅក្នុងទីក្រុង Druze នៃ Majdal Shams នៅតំបន់ Golan Heights ដែលកាន់កាប់ដោយអ៊ីស្រាអែល ទោះបីជាក្រុម Hezbollah បានបដិសេធការទទួលខុសត្រូវក៏ដោយ។

ការធ្វើឃាតរបស់ Shukr ត្រូវបានបន្តដោយការធ្វើឃាត ប្រធាននយោបាយរបស់ក្រុមហាម៉ាស់ Ismail Haniyeh នៅក្នុងរដ្ឋធានី Tehran របស់អ៊ីរ៉ង់កាលពីព្រឹកថ្ងៃពុធនៅក្នុង ការវាយប្រហារមួយដែលត្រូវបាន ស្តីបន្ទោសលើអ៊ីស្រាអែល។ ទីក្រុង Tel Aviv មិនទាន់បញ្ជាក់ឬបដិសេធការ ទទួលខុសត្រូវនៅឡើយទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top