ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ គោលបំណងចុងក្រោយ នៃសម្ព័ន្ធមិត្ត រវាងអាមេរិក និងហ្វីលីពីន មិនអាចនាំមកនូវសន្តិភាព និងវិបុលភាព ដល់ហ្វីលីពីនទេ

ចុងខែកក្កដាកន្លងទៅនេះ ហ្វីលីពីន និងអាមេរិក បានរៀបចំធ្វើកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរទេស និង រដ្ឋមន្ត្រីការពារជាតិជុំថ្មី ។ នេះគឺជាលើកទីមួយ ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំនេះចាប់ពីឆ្នាំ២០១៣មក ។ នៅពេលមុននេះ ចិននិងហ្វីលីពីន បានឈានដល់កិច្ចព្រមព្រៀង ជាបណ្តោះអាសន្នអំពីការគ្រប់គ្រង ស្ថានការណ៍នៅថ្មប៉ប្រះទឹក Ren’ai វិវាទនៅសមុទ្រចិនខាងត្បូង បានស្ងប់ស្ងាត់ជាបណ្តោះអាសន្ន ។ ប៉ុន្តែនិយាយចំពោះភាគីអាមេរិក គឺមិនចង់ឃើញសមុទ្រចិន ខាងត្បូងមានស្ថិរភាពទេ ។ ប្រការនេះ ក៏អាចឃើញពីសេចក្តីថ្លែងការណ៍រួម ដែលហ្វីលីពីននិងសហរដ្ឋអាមេរិក បានចេញផ្សាយលើកនេះ ។

ឧទាហរណ៍ដូចជា ភាគីអាមេរិក បានរំលឹកឡើងវិញ នូវកិច្ចសន្យាខាងសន្តិសុខ ចំពោះហ្វីលីពីន ក្នុងសេចក្តីថ្លែងការណ៍ ដោយអះអាងថា 《សន្ធិសញ្ញា ស្តីពីការការពារ ជាមួយគ្នារវាងសហរដ្ឋអាមេរិក និងហ្វីលីពីន》 អាចប្រើប្រាស់នៅតំបន់សមុទ្រចិន ខាងត្បូង អំពាវនាវឱ្យសហរដ្ឋអាមេរិក និងហ្វីលីពីន ធ្វើការសម្របសម្រួល ផ្នែកកិច្ចការពារជាតិ និងសន្តិសុខជាមួយជប៉ុននិងអូស្ត្រាលីថែមមួយកម្រិតទៀត ដើម្បីឆ្លើយតបនឹងអ្វីដែលហៅថា បញ្ហាប្រឈមរួម ។ ក្រៅពីនេះ សេចក្តីថ្លែងការណ៍រួមបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងរួមជាមួយប្រទេសជប៉ុនជាដើម ធ្វើការវិនិយោគខាង វិស័យសន្តិសុខ យោធានិងសេដ្ឋកិច្ចជាដើមរបស់ហ្វីលីពីន ។ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានប្រកាសថា ភាគីអាមេរិកនឹងផ្តល់ប្រាក់ទុន ៥រយលានដុល្លារអាមេរិក សម្រាប់បង្កើនសមត្ថភាពការពារជាតិរបស់ភាគីហ្វីលីពីន ។ ពេលជួបសន្ទនាជាមួយលោក Antony Blinken លោក Marcos ប្រធានាធិបតីហ្វីលីពីន បានអំពាវនាវឱ្យភាគីទាំងពីរ ធ្វើការប្រាស្រ័យ ទាក់ទងតាមពេលកំណត់ ដើម្បីជួយហ្វីលីពីន តទល់បត់បែន ចំពោះប្រទេសចិន និង ស្ថានការណ៍ តានតឹងលើសមុទ្រពាក់ព័ន្ធ ។

សកម្មភាពមួយ ចំនួននេះ បានបង្ហាញថា កត្តាអាមេរិកជាកត្តាធំបំផុត ដែលមិនអាចគ្រប់គ្រង បានក្នុងការបង្កផលប៉ះពាល់ដល់គោល នយោបាយ ចំពោះចិននិង គោលនយោបាយ នៅសមុទ្រចិនខាងត្បូងរបស់ហ្វីលីពីន ។ ដោយសារសហរដ្ឋអាមេរិកបន្តញុះញង់ អុជអាលហ្វីលីពីន លើបញ្ហាសមុទ្រចិនខាងត្បូង ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើម ខុសច្បាប់របស់ភាគីហ្វីលីពីន ទើបបានពង្រីកមហិច្ឆិតា របស់ហ្វីលីពីនក្នុងការបង្ករឿង ហេតុចំពោះប្រទេសចិន ។ ចាប់ពីឆ្នាំ២០២៣មក ហ្វីលីពីនបានបង្ករឿងហេតុជាញឹកញាប់ នៅថ្មប៉ប្រះទឹក Ren’ai និងកោះ Huangyan ជាដើមក៏ដោយសារមូលហេតុនេះផងដែរ ។

ក្នុងនាមជាប្រទេសទ្វីបអាស៊ី ពេលដោះស្រាយវិវាទសមុទ្ររវាងចិននិងហ្វីលីពីន ហ្វីលីពពីនគួរតែតម្កល់ទុកសន្តិភាពនិងស្ថិរភាពក្នុងតំបន់ជាចម្បង តែមិនមែនស្តាប់បង្គាប់ របស់ប្រទេសធំក្រៅតំបន់នោះទេ ។ ប៉ុន្តែ បន្ទាប់ពី រដ្ឋាភិបាលលោក Marcos ឡើងកាន់មុខតំណែងមក ការពឹងផ្អែកនិង បង្កើនសម្ព័ន្ធមិត្ត រវាងអាមេរិក និងហ្វីលីពីន ប្រហែលក្លាយ ជាគោលនយោបាយជាតិរបស់ហ្វីលីពីន ។ ក្នុងបរិបទបែបនេះ អាកប្បកិរិយារបស់ហ្វីលីពីន លើបញ្ហាសមុទ្រចិន ខាងត្បូង គឺខ្វះការគិតពិចារណា ប្រកបដោយវិចារណញ្ញាណអំពីផលប្រយោជន៍ជាតិនិងយុទ្ធសាស្ត្រជាតិផង ហើយក៏ពឹងផ្អែក ទៅលើកម្លាំង ខាងក្រៅផងដែរ ថែមទាំងមានលក្ខណៈបុគ្គលដ៏ខ្លាំងក្លា ដែលបណ្តាលឱ្យលេចចេញនូវសភាពដូចជាមិនធ្វើតាមកិច្ចសន្យា រហូតដល់បាត់បង់ការសម្របសម្រួល ខាងគោលនយោបាយ រវាងស្ថាប័ននានាជាដើម ។

អ្នកនយោបាយ មួយចំនួន របស់ហ្វីលីពីន គួរតែសម្គាល់ឃើញថា គោលបំណងចុងក្រោយ នៃសម្ព័ន្ធមិត្ត រវាងសហរដ្ឋអាមេរិក និងហ្វីលីពីនគឺ បម្រើអនុត្តរភាព សកលរបស់អាមេរិក វាមិនអាចនាំមកនូវ សន្តិភាពនិងវិបុលភាពដល់ហ្វីលីពីនទេ ផ្ទុយទៅវិញនឹងនាំឱ្យហ្វីលីពីន បាត់បង់ខ្លួនឯងនិងសម្រុក ទៅជួរមុខ នៃការប្រកួតប្រជែង រវាងប្រទេសធំៗ ដោយគ្មានសតិសម្បជញ្ញៈ ក៏ដូចជាបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។ ដូចនេះ ទង្វើប្រថុយប្រថាន លើបញ្ហា សមុទ្រចិនខាងត្បូង នៃរដ្ឋាភិបាលហ្វីលីពីន គឺគ្មានអ្នកណាអើពើនៅផ្ទៃ ក្នុងអាស៊ានឡើយ ។

ហ្វីលីពីនមិនមែនជាហ្វីលីពីន របស់សហរដ្ឋអាមេរិក នោះទេ តែគឺជាហ្វីលីពីននៃទ្វីបអាស៊ី ។ ប្រឈមមុខនឹងការល្បួង ដោយផលប្រយោជន៍ ពីសហរដ្ឋអាមេរិក ហ្វីលីពីន ត្រូវការភ្ញាក់ខ្លួន និងវិចារណញ្ញាណកាន់តែច្រើន ។ គោលនយោបាយជាមួយបរទេសរបស់ហ្វីលីពីន ចាំបាច់ត្រូវវិលត្រឡប់ ទៅរកការតម្កល់តំបន់ ជាចម្បងនិងរាប់អាន ជាមួយប្រទេសជិតខាង នេះទើបជាជម្រើសដ៏ត្រឹមត្រូវ ដែលសមស្របនឹងផល ប្រយោជន៍ជាតិនិងសុខសុភមង្គល របស់ប្រជាជន ហ្វីលីពីន ៕

To Top