ព័ត៌មានអន្តរជាតិ

ចារកម្មកំពូលអ៊ីរ៉ង់ចោទអាមេរិកថា ជាអ្នកបើកភ្លើងខៀវឱ្យអ៊ីស្រាអែល ធ្វើឃាតមេដឹកនាំនយោបាយ របស់ក្រុមហាម៉ាស

RT News
" "

បរទេស៖ រដ្ឋមន្ត្រីផ្នែកស៊ើបការណ៍អ៊ីរ៉ង់លោក Esmail Khatib បានចោទប្រកាន់ទៅលើ សហរដ្ឋអាមេរិកថា បានបើកភ្លើងខៀវលើផែនការរបស់អ៊ីស្រាអែល ក្នុងការធ្វើឃាតប្រមុខនយោបាយ របស់ក្រុមហាម៉ាស់លោក Ismail Haniyeh ។

លោក Khatib បានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ នៅក្នុងសារចូលរួមរំលែកទុក្ខចំពោះមរណភាព របស់លោក Haniyeh ដែលត្រូវបានសម្លាប់នៅក្នុងរដ្ឋធានី តេហេរ៉ង់ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃពុធ ជាកន្លែងដែលគាត់កំពុងស្នាក់នៅ ដើម្បីចូលរួមពិធីចូលកាន់តំណែង របស់ប្រធានាធិបតីថ្មីរបស់ប្រទេសនេះ។

" "

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោក Khatib បានថ្កោលទោសការធ្វើឃាតលោក Haniyeh ដោយហៅការធ្វើឃាតនេះថាជា “ការបាត់បង់ដ៏ធំ” សម្រាប់ពិភពអ៊ីស្លាម។

" "

លោកបាននិយាយដូចដែលដកស្រង់ ដោយទីភ្នាក់ងារសារព័ត៌មាន IRNA ថា “ការធ្វើឃាតលើទុក្ករបុគ្គល Ismail Haniyeh ដែលត្រូវបានអនុវត្តដោយពួកឈ្លានពាន Zionist ជាមួយនឹងការបើកភ្លើងខៀវពីសំណាក់សហរដ្ឋអាមេរិក បានបង្ហាញជាថ្មីម្តងទៀតនូវភាពឃោរឃៅនៃរបប Zionist” ។

លោក Haniyeh ត្រូវបានគេធ្វើឃាតជាមួយនឹង គ្រាប់បែកបំផ្ទុះពីចម្ងាយដែលបាន បន្លំចូលទៅក្នុងផ្ទះសំណាក់នៅឯ បរិវេណយាមកាមដែលការ គ្រប់គ្រងដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC), នេះបើតាម កាសែត NYT បានរាយការណ៍មុននេះដោយដកស្រង់សម្តីមន្ត្រី ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ គ្រាប់បែកនេះត្រូវបានគេរាយការណ៍ថា បានផ្ទុះនៅក្នុងបន្ទប់របស់លោក Haniyeh ដោយបានសម្លាប់មេដឹកនាំក្រុម Hamas និងអង្គរក្សរបស់គាត់ម្នាក់ ហើយថែមទាំងបណ្តាលឱ្យដួលរលំជញ្ជាំង ផ្នែកខាងក្រៅនៃអគារថែមទៀត ៕

ប្រែសម្រួលៈ ណៃ តុលា

To Top