ព័ត៌មានអន្តរជាតិ

លោក Maduro៖ លោក Musk មានផែនការរៀបចំរដ្ឋប្រហារ នៅវេណេស៊ុយអេឡា

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro កាលពីថ្ងៃសុក្រ បានចោទប្រកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងមហាសេដ្ឋីអាហ្វ្រិកខាងត្បូង Elon Musk ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារនៅក្នុងប្រទេសរបស់លោក។

ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា CNE របស់ប្រទេសវេណេហ្ស៊ុយអេឡា កាលពីថ្ងៃអាទិត្យបានប្រកាសថា លោក Maduro ជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស ដោយប្រកាសថាជាមួយនឹងសន្លឹកឆ្នោតដល់ទៅ៨០ភាគរយដែលត្រូវបានរាប់។

លោក Maduro មានសម្លេងគាំទ្រច្រើនជាងដល់ទៅ៥១ភាគរយ នៃសន្លឹកឆ្នោត ធៀបនឹង៤៤ភាគរយ សម្រាប់គូប្រជែងដ៏សំខាន់របស់គាត់គឺ Edmundo Gonzalez Urrutia ។ .

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រលោកខាងលិចរបស់លោក Gonzalez រួមទាំង Tesla និងនាយកប្រតិបត្តិ SpaceX លោក Musk បានប្រញាប់ប្រញាល់ចោទប្រកាន់ Maduro និង CNE ពីការក្លែងបន្លំការបោះឆ្នោត។

បន្ថែមពីនេះរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានប្រកាសទទួលស្គាល់ជាផ្លូវការថាលោក Gonzalez ជាអ្នកឈ្នះការបោះឆ្នោត។ រដ្ឋមន្ត្រីការបរទេស Antony Blinken បាននិយាយថា វាច្បាស់ណាស់សម្រាប់សហរដ្ឋអាមេរិកថា៖លោក Edmundo Gonzalez Urrutia បានទទួលសម្លេងភាគច្រើនក្នុងការបោះឆ្នោតលើកនេះ។

គួរឲ្យដឹងដែរថាចំណែកឯរដ្ឋាភិបាលទីក្រុងមូស្គូបានទទួលយកលទ្ធផលបោះឆ្នោតជាផ្លូវការ ដោយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinបានអបអរសាទរលោក Maduro នៅដើមសប្តាហ៍នេះ ចំពោះការឈ្នះអាណត្តិថ្មីនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top