បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បានឱ្យដឹងថា ការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា លើអ៊ីស្រាអែល ដោយក្រុមហាម៉ាស់ ត្រូវបានមនុស្សជាច្រើន នៅក្នុងអង្គការចាត់ទុកជា ការគិតគូរដ៏ខុសឆ្គងមួយ ដែលបាននាំឱ្យមាន ផលវិបាកធ្ងន់ធ្ងរ សម្រាប់តំបន់ហ្គាហ្សា និងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង កសាងរដ្ឋប៉ាឡេស្ទីន ជាច្រើនទសវត្សរ៍ មកហើយនោះ។
នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ នៅលើកាសែត The Economist បានរាយការណ៍ថា បន្ទាប់ពីការធ្វើឃាតប្រធាន នយោបាយរបស់ក្រុមហាម៉ាស់ Ismail Haniyeh ក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីន កំពុងប្រឈម មុខនឹងការមិនពេញចិត្តផ្ទៃក្នុង និងការផ្លាស់ប្តូរសក្តានុពល នៅពេលដែលពួក គេវាយតម្លៃឡើងវិញ នូវយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំរបស់ពួកគេ។
អត្ថបទដែលត្រូវបានដកស្រង់សម្តីលោក Mohammed Daraghmeh ដែលជាអ្នកកាសែតប៉ាឡេស្ទីនដែលមាន ប្រភពល្អៗក្នុងចំណោមមេដឹក នាំក្រុមហាម៉ាស ។ លោក Daraghmeh បាននិយាយថា មេដឹកនាំក្រុមហាម៉ាស់ជាច្រើន បានទទួលស្គាល់ថាការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា គឺជាការសម្រេចចិត្តដ៏ខុសធ្ងន់ធ្ងរមួយ។
គួរឲ្យដឹងដែរថាមេដឹកនាំហាម៉ាសលោកHaniyeh និងអង្គរក្សរបស់គាត់ត្រូវបានសម្លាប់ដោយ មីស៊ីលរយៈចម្ងាយខ្លីមួយ ដែលត្រូវបានបាញ់ចេញពីខាងក្រៅ លំនៅដ្ឋានរបស់គាត់ ក្នុងរដ្ឋធានីអ៊ីរ៉ង់កាលពីថ្ងៃពុធ។
ទាំងអ៊ីរ៉ង់ និងក្រុមហាម៉ាសបានបន្ទោស អ៊ីស្រាអែលចំពោះការវាយប្រហារនេះហើយ ទីក្រុងតេហរ៉ង់បានគំរាមកំហែង ទីក្រុងយេរូសាឡឹមខាងលិចជាមួយនឹង ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដែលបង្កឱ្យមានការព្រួយ បារម្ភអំពីការកើន ឡើងបន្ថែមទៀតនៅក្នុងតំបន់ទៀតផង៕
ប្រែសម្រួល៖ស៊ុនលី