ព័ត៌មានអន្តរជាតិ

ទាហានអាមេរិក រងរបួសច្រើននាក់ ក្នុងហេតុការណ៍វាយប្រហារលើទីតាំងមូលដ្ឋានទ័ព ក្នុងប្រទេសអ៊ីរ៉ាក់

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ទាហានអាមេរិកជាច្រើននាក់ បានរងរបួសនៅក្នុងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតលើមូលដ្ឋានអាកាស Ayn Al-Asad នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ ។

ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ នៅមិនទាន់មានអ្នកណាឬក្រុមណាចេញ មកទទួលខុសត្រូវលើការវាយប្រហារនេះទេ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយ ការណ៍កាលពីល្ងាចថ្ងៃចន្ទដោយដកស្រង់សាក្សី ដែលឃើញផ្ទាល់ភ្នែកថាហេតុការណ៍ផ្ទុះពីរលើកត្រូវបានគេឮនៅឯមូលដ្ឋានទ័ព Al-Asad ស្ថិតនៅភាគខាងលិចនៃទីក្រុងបាកដាដ។
យោងតាមរបាយការណ៍មួយក្នុងស្រុក បានឲ្យដឹងថាជើងតាំងសម្រាប់បាញ់មីស៊ីល Arash-1 ត្រូវបានរកឃើញនៅជិតមូលដ្ឋានទ័ពអាមេរិក ។ Arash គឺជាប្រភេទអាវុធបាញ់គ្រាប់រ៉ូក្កែត ដែលចម្លងម៉ូដេលរបស់អ៊ីរ៉ង់ គឺប្រព័ន្ធបាញ់បង្ហោះគ្រាប់រ៉ុក្កែតច្រើនប្រភេទ BM-21 Grad ដែលរចនាដោយសូវៀត។

ដោយឡែកយោងតាមប្រព័ន្ធផ្សព្វផ្សាយ អាមេរិកបានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងអនុប្រធានាធិបតី Kamala Harris បានស្ថិតនៅក្នុងបន្ទប់ ស្ថានការណ៍សេតវិមានរួចហើយ នៅពេលដែលការវាយប្រហារដោយគ្រាប់រ៉ុក្កែតបានកើតឡើង។

ទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បាននិងកំពុងរំពឹងថា នឹងមានការវាយប្រហារដោយអ៊ីរ៉ង់ នៅក្នុងការសងសឹកចំពោះការធ្វើឃាតមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស់ Ismail Haniyeh កាលពីសប្តាហ៍មុននៅទីក្រុងតេហរ៉ង់ខណៈដែល អ៊ីស្រាអែល​មិន​បាន​ប្រកាស​ទទួល​ខុស​ត្រូវ ​ជា​ផ្លូវ​ការ​ចំពោះ​ការ​ទម្លាក់​គ្រាប់​បែក​ ដែល​បាន​សម្លាប់​ Haniyeh នោះ​ទេ៕

ប្រែសម្រួល៖ ស៊ុន លី

To Top