នឹកស្មានមិនដល់ទេថា «បទភ្លេង» ដែលមានប្រជាប្រិយភាពជាងចិតសិបឆ្នាំ ក្នុងប្រទេសចិនគឺបទភ្លេងហាត់ប្រាណ ក្នុងសម័យខុសៗគ្នាដែលចាក់តាមមេក្រូ។ ពីឆ្នាំ១៩៤៩ មក ប្រទេសចិនដ៏ថ្មីសន្លាងបាន ចាប់ផ្តើមធ្វើទំនើបកម្មដោយម្ចាស់ការ ហេតុនេះហើយបានជាសាធារណរដ្ឋប្រជាមានិតចិន ក៏ត្រូវបានគេហៅថា «ប្រទេសចិនថ្មី»។ ពេលដែលយើងលើកឡើងពីប្រទេសចិនថ្មី ចាំបាច់ត្រូវលើកឡើងពីការចងចាំ នៃយុគសម័យមួយរបស់ប្រជាជាតិចិននោះ គឺការហាត់ប្រាណតាមចង្វាក់ ភ្លេងដែលចាក់តាមមេក្រូ ។
ពីចុងឆ្នាំ១៩៥១ មក នៅតាមសាលារៀន រោងចក្រ ផ្លូវនិងជនបទ នៃតំបន់នានារបស់ប្រទេសចិន តែងតែស្តាប់លឺភ្លេងដែលចាក់តាមមេក្រូ ដើម្បីឱ្យពលរដ្ឋចូលរួមហាត់ប្រាណ។
ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ការហាត់ប្រាណតាមចង្វាក់ភ្លេង ដែលចាក់តាមមេក្រូដែលមានភាពស្រួល អាចហាត់នៅចន្លោះម៉ោងធ្វើការ កាយវិការស្រួលហាត់និងមានរយ:ពេលហាត់មិនដល់ ៥ នាទី ទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជនចិនគ្រប់ទិសទី។
ស្របតាមការអភិវឌ្ឍនៃសេដ្ឋកិច្ចនិងសង្គមចិន ក្នុងរយៈពេលប្រហែលពាក់កណ្តាលសតវត្សរ៍ ចំនួនប្រជាជនរបស់ចិនបានកើនឡើងដល់ ១ ពាន់៤០០លាននាក់ ចំណែកអាយុកាលរំពឹងទុកជាមធ្យម នៃមនុស្សម្នាក់ៗបានកើនពី 35 ឆ្នាំ ឡើងដល់78 ឆ្នាំ។
ហេតុអ្វីបានជាប្រជាជនចិន ជំនាន់នីមួយៗមានការគាំទ្រដូចគ្នាចំពោះ ការហាត់ប្រាណតាមចង្វាក់ភ្លេងដែលចាក់តាមមេក្រូ? ការប្រែប្រួលនៃអាយុកាលជាការបញ្ជាក់មួយ។
តើសុខភាពរបស់ប្រជាជនសំខាន់ដល់កម្រិតណា? ពាក្យស្លោកអំពីសារៈសំខាន់នៃ ការហាត់ប្រាណដែលលើកឡើងដោយលោក ម៉ៅ សេទុង ថា «អភិវឌ្ឍកីឡានិងការហាត់ប្រាណ ដើម្បីបង្កើនសុខភាពប្រជាជន» មានប្រជាប្រិយភាពមកដល់សព្វថ្ងៃនេះ។ កាលនោះ ប្រទេសចិនថ្មីដែលទើបបង្កើតឡើងបានតែ២០ថ្ងៃប៉ុណ្ណោះ ក៏បានកោះធ្វើមហាមីទ្ទីងតំណាង បុគ្គលិកការងារកីឡាទូទាំងប្រទេស។
ខួប ១០ ឆ្នាំនៃការបង្កើតប្រទេសចិនថ្មី ត្រូវចំសប្តាហ៍នៃថ្ងៃបុណ្យសែនលោកខែ ការប្រកួតកីឡាទូទាំងប្រទេសចិនលើកដំបូង បានធ្វើឡើងនៅរដ្ឋធានីប៉េកាំង ដែលវិញ្ញាសាកីឡាមានលក្ខណ: ពិសេសណាស់មានដូចជា ការលោតឆត្រយោងនិងការវាយទូរសារជាដើម។
«ងើបចេញពីទ្វីបអាស៊ី ឆ្ពោះទៅកាន់ពិភពលោក» ប្រទេសចិនដែលបានធ្វើកំណែទម្រង់ និងបើកទូលាយបានត្រឡប់ មកកាន់ឆាកប្រកួតកីឡាអន្តរជាតិវិញ។ក្រោយឆ្នាំ២០០៨ ដែលចិនធ្វើជាម្ចាស់ផ្ទះនៃ ការប្រកួតកីឡាអូឡាំពិករដូវក្តៅ ថ្ងៃទី៨ ខែសីហា ត្រូវបានកំណត់ជាទិវាមហាជន ចូលរួមហាត់ប្រាណរបស់ប្រទេសចិន។
សួនតូចក្បែរផ្ទះ, ការហាត់ប្រាណក្នុងរង្វង់ដើរចម្ងាយ 15 នាទី , តុកីឡាពីងប៉ុងតាមសហគមន៍ , ទីធ្លាហាត់ប្រាណនៅក្រោមស្ពានអាកាស, កែច្នៃសំណង់រោងចក្រចាស់ៗ ដែលលែងប្រើឱ្យក្លាយជាសួនកីឡា ។ល។ ប្រទេសចិនដែលមានចំនួនប្រជាជនច្រើន ទំហំដីគិតជាមធ្យមសម្រាប់មនុស្សម្នាក់ៗតិចៗ មានតែខំកែច្នៃទីតាំងទំនេរតូចតាចក្បែរខ្លួន ឱ្យក្លាយជាទីកន្លែងដែលអាចហាត់ប្រាណ បានដើម្បីបំពេញតម្រូវការរបស់មហាជន នេះប្រហែលទទួលបានបទពិសោធ ពីការហាត់ប្រាណតាមចង្វាក់ភ្លេង ដែលចាក់តាមមេក្រូក្នុងសង្គមអតីតកាល។
«សន្ទស្សន៍សំខាន់បំផុតនៃការ ធ្វើទំនើបកម្មគឺសុខភាពរបស់ប្រជាជន ដែលជាមូលដ្ឋាននៃជីវភាពរស់នៅ ដែលមានសុភមង្គលនិងភាពសប្បាយរីករាយ ។» លោក Xi Jinping ប្រមុខរដ្ឋចិនយកចិត្តទុកដាក់ លើការជំរុញសុខភាពរបស់ប្រជាជន។ កាលពីយុវវ័យ លោកលេងកីឡាបាល់ទាត់ និងជិះស្គីជាញឹកញាប់ ចាប់ពីចូលបម្រើការងារមក លោកបន្តទម្លាប់ហាត់ប្រាណ ហែលទឹកនិងឡើងភ្នំ។ អាចនិយាយបានថា ការហាត់ប្រាណឱ្យសុខភាពមាំមួន ក៏ជាការចូលរួមគាំទ្រការធ្វើទំនើបកម្ម របស់ប្រទេសជាតិដែរ។ បើតាមការស្នើនៃអង្គការសុខភាពពិភពលោក ដើម្បីទទួលបានផលប្រយោជន៍ពីសុខភាពល្អ មួយថ្ងៃៗយើងគួរហាត់ប្រាណយ៉ាងហោចណាស់ ២០នាទី តើថ្ងៃនេះ លោកអ្នកហាត់ប្រាណហើយឬនៅ?