បាកដាដ៖ មន្ត្រីយោធាអ៊ីរ៉ាក់ម្នាក់បានឲ្យដឹងថា កាលពីល្ងាចថ្ងៃចន្ទ មានគ្រាប់រ៉ុក្កែតចំនួន៤គ្រាប់ បានផ្លោងត្រូវចំមូលដ្ឋានអាកាស Ayn al-Asad នៅក្នុងខេត្ត Anbar ស្ថិតភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់ ជាកន្លែងដែលកងទ័ពអាមេរិកឈរជើងនៅទីនោះ ។
លោក Saad al-Obaidi មកពីបញ្ជាការប្រតិបត្តិការ Anbar បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា គ្រាប់រ៉ុក្កែតចំនួន ២គ្រាប់ត្រូវបានស្ទាក់ចាប់ ដោយអាវុធប្រឆាំងយន្តហោះ ខណៈដែល២គ្រាប់ផ្សេងទៀតបានធ្លាក់ នៅបរិវេណនៃមូលដ្ឋានទ័ពអាកាស ដោយមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ ។
លោក al-Obaidi បានឲ្យដឹងថា កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ បានបើកប្រតិបត្តិការស្វែងរកនៅក្នុងតំបន់ ដើម្បីស្វែងរកអ្នកវាយប្រហារ ។
គ្មានក្រុមណាមួយចេញមុខអះអាង ទទួលខុសត្រូវចំពោះការ វាយប្រហារនេះនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា