បរទេស ៖ សារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក កំពុងរំពឹងថា នឹងមានការវាយប្រហារបន្ថែមទៀត លើកងទ័ពរបស់ខ្លួននៅមជ្ឈិមបូព៌ា ខណៈដែលក្រុមហេសបូឡា និងអ៊ីរ៉ង់ត្រៀមវាយប្រហារអ៊ីស្រាអែល។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា បុគ្គលិកយោធាអាមេរិក ជាច្រើននាក់បានរងរបួស នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែត លើមូលដ្ឋានទ័ពអាកាសអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់កាលពីល្ងាចថ្ងៃចន្ទ។
មន្ទីរបញ្ចកោណបានរាយការណ៍ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានពិភាក្សាអំពីការវាយប្រហារលើមូលដ្ឋានអាកាស Al-Asad ជាមួយសមភាគីអ៊ីស្រាអែល លោក Yoav Gallant ។
ទន្ទឹមនឹងនេះ អ៊ីស្រាអែលកំពុងត្រៀមវាយប្រហារទាំងពីប្រទេសអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធ Hezbollah ដែលមានមូលដ្ឋាននៅលីបង់ បន្ទាប់ពីការធ្វើឃាតកាលពីពេលថ្មីៗនេះរបស់ប្រមុខនយោបាយហាម៉ាស់ Ismail Haniyeh និងមេបញ្ជាការ Hezbollah លោក Fouad Shukr ក្នុងទីក្រុង Beirut ។ រដ្ឋជ្វីហ្វ (អ៊ីស្រាអែល) មិនបានបញ្ជាក់ឬបដិសេធការជាប់ពាក់ព័ន្ធក្នុងការសម្លាប់ Haniyeh ទេ។
Axios បានសរសេរ កាលពីថ្ងៃចន្ទ ដោយលើកឡើងពីមន្ត្រីអាមេរិកម្នាក់ ដែលដឹងអំពីបញ្ហានេះថា “មន្ទីរបញ្ចកោណរំពឹងថា នឹងមានការវាយប្រហារ កាន់តែច្រើនឡើងដោយកងជីវពលគាំទ្រអ៊ីរ៉ង់ ប្រឆាំងនឹងកងកម្លាំងអាមេរិក នៅក្នុងតំបន់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបានសង្កត់ធ្ងន់ថា ភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់កំពុងធ្វើឱ្យកងជីវពលមានអារម្មណ៍ថាមានការអត់ធ្មត់តិចតួចដោយអ៊ីរ៉ង់ក្នុងការវាយប្រហារលើកងកម្លាំងអាមេរិកជាងកាលពីប៉ុន្មានខែថ្មីៗនេះ” ៕
ប្រែសម្រួលៈ ណៃ តុលា