គ៊ែរ៖ ប្រធានាធិបតីអេហ្ស៊ីប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី និងសមភាគីអាមេរិក លោក ចូ បៃដិន បានពិភាក្សាគ្នា តាមទូរស័ព្ទកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីការវិវត្តចុងក្រោយ បង្អស់នៅក្នុងតំបន់មជ្ឈិមបូព៌ា។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា មេដឹកនាំទាំងពីរបានពិនិត្យឡើងវិញ នូវកិច្ចខិតខំប្រឹងប្រែងរួម អេហ្ស៊ីប-អាមេរិក-កាតា ដើម្បីសម្រេចបានបទឈប់បាញ់ នៅតំបន់ហ្គាហ្សាស្ទ្រីប ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ពួកគេ ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់ និងស្តារសន្តិភាព និងសន្តិសុខឡើងវិញ ។
មេដឹកនាំទាំងពីរ ក៏បានលើកឡើងពីកង្វល់ នាពេលបច្ចុប្បន្នទាក់ទងនឹងការពង្រីកជម្លោះហ្គាហ្សា ផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក ស៊ីស៊ី បានសង្កត់ធ្ងន់លើចក្ខុវិស័យ របស់ប្រទេសអេហ្ស៊ីប ចំពោះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃសង្រ្គាមហ្គាហ្សា និងផលប៉ះពាល់អវិជ្ជមាន របស់វាទៅលើស្ថិរភាពក្នុងតំបន់ ដោយកត់សម្គាល់ថា ការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅហ្គាហ្សា គឺជាមូលដ្ឋានគ្រឹះក្នុងការស្តារភាពស្ងប់ស្ងាត់ និងស្ថិរភាពក្នុងតំបន់។
ប្រធានាធិបតី ទាំងពីរបានយល់ព្រមធ្វើការឆ្ពោះទៅរកការអនុវត្តដំណោះស្រាយរដ្ឋទាំងពីរ ក្នុងនាមជាអ្នកធានាចម្បង សម្រាប់ស្ថិរភាព និងសន្តិសុខ សម្រាប់ប្រជាជនទាំងអស់ក្នុងតំបន់។
ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះ រវាងចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស់ និងអ៊ីស្រាអែល កាលពីខែតុលាឆ្នាំមុន អេហ្ស៊ីប រួមជាមួយកាតា និងសហរដ្ឋអាមេរិក បាននិងកំពុងសម្រុះសម្រួល ដើម្បីបញ្ចប់វិបត្តិដ៏អូសបន្លាយនៅតំបន់ហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា