ហ្សាការតា៖ កាលពីថ្ងៃពុធ នាវាដឹកប្រេង១គ្រឿង ដឹកប្រេងនៅជិតកោះរមណីយដ្ឋាន បាលី របស់ប្រទេសឥណ្ឌូនេស៊ី បានឆាបឆេះ ដោយបានបណ្តាលឲ្យស្លាប់ សមាជិកនាវិកចំនួន៥នាក់ និង១៥នាក់ផ្សេងទៀតបានរងរបួស ។
ប៉ូលិស Karangasem នៃកោះបាលី បានឲ្យដឹងថា នាវាដឹកប្រេងនោះកំពុងបើកបរនៅជិតកោះ Tepekong ក្នុងដែនទឹក Candidasa ហើយឆ្ពោះទៅកាន់ Badas Sumbawa ខេត្ត West Nusa Tenggara នៅគ្រាដែលគ្រោះថ្នាក់បានកើតឡើងតែម្តង។
បើតាមការលើកឡើងរបស់ ប្រធានផ្នែកទំនាក់ទំនងសាធារណៈរបស់ប៉ូលិស Karangasem អធិការទី១ លោក Iptu I Gede Sukadana បានប្រាប់ដល់សន្និសីទសារព័ត៌មាន មួយយ៉ាងដូច្នេះថា នៅគ្រាដែលនាវាដឹកប្រេងបានមកដល់ Gili Tepekong នៅម៉ោង៣ទៀបភ្លឺម៉ោងក្នុងស្រុក សមាជិកនាវិកមួយចំនួនបានឮសំឡេងផ្ទុះ បន្ទាប់មកនៅលើនាវាបានដាច់ ចរន្តអគ្គីសនីដោយបានងងឹងសូន្យសុង ។ ពួកគេបានពិនិត្យ និងរកឃើញថា មានភ្លើងឆេះ ។
លោក Sukadana បានបញ្ជាក់ថា មានការផ្ទុះលើកទី២ មិនយូរប៉ុន្មាននោះទេ បន្ទាប់ពីលើកទី១ ដែលបណ្តាលមកពីអគ្គីភ័យ នៅក្នុងបន្ទប់វិស្វកម្មនោះ ។
លោកបានបន្តឲ្យដឹងថា ការស៊ើបអង្កេតត្រូវបានចាប់ផ្តើម ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
