បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ុយក្រែនបានអំពាវនាវ ឱ្យម៉ិកស៊ិកូក្នុងការចាប់ខ្លួន ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ប្រសិនបើគាត់ទៅបំពេញទស្សនកិច្ច នៅប្រទេសនេះសម្រាប់ពិធីឡើងកាន់តំណែង នៃមេដឹកនាំថ្មីរបស់ខ្លួន។
ប្រភពដដែលបានឲ្យដឹងទៀតថា ប្រទេសនៅអាមេរិកខាងជើង នេះតាមសេចក្តីរាយការណ៍ បានប្រកាសអញ្ជើញលោក Putin ឱ្យចូលរួមពិធីក្នុងខែតុលាផងដែរ។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិដែលហៅកាត់ថា ICC បានចេញដីកាចាប់ខ្លួនមេដឹកនាំរុស្ស៊ី នៅឆ្នាំ២០២៣ម្តងហើយ ពាក់ព័ន្ធនឹងជម្លោះនៅអ៊ុយក្រែនខណៈដែល ម៉ិកស៊ិកូក៏បានទទួលស្គាល់យុត្តាធិការ នៃស្ថាប័នដែលមានមូលដ្ឋាន នៅទីក្រុងឡាអេនេះផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធ ស្ថានទូតអ៊ុយក្រែនប្រចាំ នៅម៉ិកស៊ិកបាននិយាយថា ខ្លួនមានទំនុកចិត្តថារដ្ឋាភិបាលរបស់ ប្រទេសនេះនឹងគោរពតាមបញ្ជារបស់ ICC និង ប្រគល់ជនសង្ស័យ ទៅឱ្យ ស្ថាប័នតុលាការ នៃអង្គការសហប្រជាជាតិ ដែលហាក់ដូចជាសំដៅទៅលើ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
គួរឲ្យដឹងដែរថាICC បានចាត់វិធានការជាច្រើនប្រឆាំងនឹងរុស្ស៊ី ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ុយក្រែន ដោយបានចេញដីកាចាប់ខ្លួនមន្ត្រីការពារជាតិ និងមេបញ្ជាការយោធារបស់ខ្លួន។ លោក Putin ត្រូវបានចោទប្រកាន់ពីបទ និរទេសដោយខុសច្បាប់ លើកុមារអ៊ុយក្រែន ទៅកាន់ប្រទេសរុស្ស៊ីហើយ ក្នុងនោះរដ្ឋាភិបាលទីក្រុងគៀវ ប្រកាសស្វាគមន៍យ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចរបស់ ICC ៕
ប្រែសម្រួល៖ ស៊ុន លី