បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Anatoly Antonov ឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូ ប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយថា សហរដ្ឋអាមេរិកត្រូវតែបញ្ឈប់លំហូរ នៃអាវុធទៅកាន់ប្រទេសអ៊ុយក្រែន បន្ទាប់ពីអាវុធដែលផ្គត់ផ្គង់ ដោយអាមេរិកត្រូវបានប្រើប្រាស់ ដើម្បីវាយប្រហារសាលារៀន មន្ទីរពេទ្យ និងផ្ទះនៅក្នុងប្រទេសរុស្ស៊ី។
ប្រភពដដែលនេះបានសរសេរទៀតថា អ្នកការទូតជាន់ខ្ពស់រូបនេះ សំដៅលើការវាយប្រហារលើជនស៊ីវិល អំឡុងពេលការប៉ុនប៉ងលុកលុយរបស់ទីក្រុងគៀវ ចូលទៅក្នុងតំបន់ Kursk របស់រុស្ស៊ីក្នុងសប្តាហ៍នេះ។
យោងតាមអភិបាលតំបន់ ទ័ពអ៊ុយក្រែនបានវាយប្រហារ ដោយចេតនាទៅលើគោលដៅ ដែលមិនមែនជាយោធា ថែមទាំងបានវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ ជាមួយនឹងយន្តហោះដ្រូន kamikaze ហើយបានសម្លាប់អ្នកបើកបរ និងគ្រូពេទ្យផងដែរ។
ក្រសួងការពារជាតិរុស្ស៊ីបានរាយបញ្ជី អាវុធដែលបរិច្ចាគដោយលោកខាងលិច ក្នុងចំណោមអាវុធដែលត្រូវបានបំផ្លាញ ក្នុងការវាយបកលើកងកម្លាំងអ៊ុយក្រែនលើកនេះ។
លោក Antonov បានចូលរួមជាមួយមន្ត្រីរុស្ស៊ីផ្សេងទៀត ក្នុងការពណ៌នាប្រតិបត្តិការអ៊ុយក្រែនថាជា ភេរវករ ដោយសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃពុធថា ផ្ទុយទៅនឹងការអះអាងរបស់លោកខាងលិច សកម្មភាពរបស់ទីក្រុងគៀវមិនអាច រាប់ជាសុចរិតដោយសិទ្ធិការពារខ្លួននោះទេ ៕
ប្រែសម្រួល៖ ស៊ុន លី