បរទេស៖ ការពង្រឹងកម្លាំងថ្មីរបស់សហរដ្ឋអាមេរិក បានមកដល់តំបន់មជ្ឈិមបូព៌ាហើយ នៅទីតាំងដើម្បីជួយការពារអ៊ីស្រាអែល ប្រឆាំងនឹងការវាយប្រហារដ៏មានសក្តានុពល ពីសំណាក់ប្រទេសអ៊ីរ៉ង់ និងភ្នាក់ងារគាំទ្រដោយអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក ដែលត្រួតពិនិត្យកងកម្លាំងអាមេរិក នៅក្នុងតំបន់ បាននិយាយថា យន្តហោះចម្បាំង F-22 Raptors បានមកដល់ថ្ងៃព្រហស្បតិ៍។ បញ្ជាការនេះក៏បានបង្ហោះរូបថតយន្តហោះចម្បាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។
ការបង្ហោះបានកត់សម្គាល់ថា យន្តហោះទាំងនោះគឺជា “ផ្នែកនៃការផ្លាស់ប្តូរឥរិយាបថ របស់កងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងតំបន់ ដើម្បីកាត់បន្ថយលទ្ធភាព នៃការកើនឡើងភាពតានតឹង ក្នុងតំបន់ដោយអ៊ីរ៉ង់ ឬអ្នកតំណាងរបស់ខ្លួន” ។
លេខាធិការរងផ្នែកសារព័ត៌មាន របស់មន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បានការពារការមកដល់ នៃយន្តហោះចម្បាំងនេះ ខណៈបានធ្វើបទសម្ភាសន៍ជាមួយ អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោន។
ការមកដល់នៃយន្តហោះចម្បាំង របស់សហរដ្ឋអាមេរិក ដែលជាផ្នែកនៃសមយុទ្ធជាបន្តបន្ទាប់ ដែលបញ្ជាដោយមន្ទីរបញ្ចកោណ កាលពីសប្តាហ៍មុន កើតឡើងចំពេលដែលមានការភ័យខ្លាច នៃជម្លោះកាន់តែខ្លាំងឡើងនៅក្នុងតំបន់ បន្ទាប់ពីការសម្លាប់មេបញ្ជាការ របស់ក្រុមហេសបូឡា នាពេលថ្មីៗនេះរបស់អ៊ីស្រាអែលនៅក្នុងទីក្រុងបេរូត ប្រទេសលីបង់ និងការវាយប្រហារនៅទីក្រុងតេអេរ៉ង់ ដែលបានសម្លាប់មេដឹកនាំ នយោបាយរបស់ក្រុមហាម៉ាស។
ទាំងអ៊ីរ៉ង់ និងក្រុមហេសបូឡាហ៍ គឺបានប្តេជ្ញាថានឹងឆ្លើយតប ឬ សងសឹកវិញ ខណៈដែលអ៊ីស្រាអែលបានសន្យាថា នឹងកម្ចាត់មេដឹកនាំក្រុមហាម៉ាស់ ដែលទើបតែងតាំងថ្មីគឺលោក Yahya Sinwar ៕
ប្រែសម្រួលៈ ណៃ តុលា