បរទេស៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់ក្នុងរដ្ឋសៅប៉ូឡូ ប្រទេសប្រេស៊ីល ដោយសម្លាប់មនុស្សទាំង៦១នាក់ នៅលើយន្តហោះនោះ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Voepass បាននិយាយថា យន្តហោះបានហោះហើរពី Cascavel នៅភាគខាងត្បូងរដ្ឋ Paraná ទៅកាន់អាកាសយានដ្ឋាន Guarulhos ក្នុងទីក្រុង សៅ ប៉ូឡូ នៅពេលវាធ្លាក់នៅទីក្រុង Vinhedo ។
យន្តហោះ ATR 72-500 ដឹកអ្នកដំណើរ ៥៧ នាក់ និងនាវិក ៤ នាក់។ អាជ្ញាធរមូលដ្ឋាននិយាយថា មិនមានអ្នកនៅរស់រានមានជីវិតឡើយ។
ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva បានបង្ហាញនូវសាមគ្គីភាពជាមួយក្រុមគ្រួសារ និងមិត្តភក្តិជនរងគ្រោះ។ អភិបាលរដ្ឋ សៅ ប៉ូឡី លោក Tarcísio Gomes de Freitas បានប្រកាសកាន់ទុក្ខបីថ្ងៃ។
អាជ្ញាធរបាននិយាយថា ឧបករណ៍ថតសំឡេងហោះហើរ ត្រូវបានយកមកវិញហើយ។ ក្រុមហ៊ុន ATR ដែលជាក្រុមហ៊ុនផលិតយន្តហោះបារាំង-អ៊ីតាលី បាននិយាយថា ខ្លួននឹងសហការជាមួយនឹងការស៊ើបអង្កេតនេះ។
យន្តហោះបានធ្លាក់ នៅក្នុងតំបន់លំនៅឋានមួយ ប៉ុន្តែគ្មានអ្នកណាម្នាក់នៅលើដីរងរបួសឡើយ។ មន្ត្រីបាននិយាយថា ផ្ទះមួយខ្នងក្នុងអគារខុនដូ ក្នុងស្រុកមួយប៉ុណ្ណោះត្រូវបានខូចខាត ៕
ប្រែសម្រួលៈ ណៃ តុលា