បរទេស៖ កាសែត Bild បានសរសេរកាលពីថ្ងៃព្រហស្បតិ៍ អំពីការលុកលុយឆ្លងព្រំដែន របស់ទីក្រុងគៀវថា បំណែករបស់រថពាសដែកធុនធ្ងន់ ដែលផលិតដោយអាល្លឺម៉ង់ កំពុងវិលកង់នៅក្នុងទីលាននៃតំបន់ Kursk របស់រុស្ស៊ីម្តងទៀត ដែលវាមានរយៈពេលប្រហែល ៨០ឆ្នាំចាប់តាំងពីការប្រយុទ្ធដ៏ធំបំផុតមួយ នៃសង្គ្រាមលោកលើកទី២ នៅក្នុងតំបន់ដូចគ្នានេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា កាសែតអាល្លឺម៉ង់ Bild ដែលដកស្រង់វីដេអូបង្ហោះតាមអ៊ីនធឺណិត បានសរសេរថា យានប្រយុទ្ធថ្មើរជើង Marder ជាច្រើនគ្រឿង (IFVs) ត្រូវបានគេប្រទះឃើញក្នុងចំណោម ឧបករណ៍ប្រើប្រាស់ដោយ យោធាអ៊ុយក្រែនក្នុងការវាយលុករបស់ខ្លួន ដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃអង្គារ។ ប្រព័ន្ធផ្សព្វផ្សាយបានចង្អុលទៅខ្សែវីដេអូ ដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី ដែលបង្ហាញពីយានប្រយុទ្ធ IFVs ត្រូវបានវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក kamikaze របស់រុស្ស៊ី។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ក្រសួងការពារជាតិរុស្ស៊ី បានចេញផ្សាយឃ្លីបមួយដែលបង្ហាញ ពីការបំផ្លិចបំផ្លាញយាន Marder យ៉ាងហោចណាស់ ៣គ្រឿងដោយយន្តហោះគ្មានមនុស្សបើក Lancet របស់រុស្ស៊ី ក្នុងចំណោមការវាយប្រហារផ្សេងទៀត លើឧបករណ៍យោធាអ៊ុយក្រែន។ បំណែកពាសដែកត្រូវបានវាយប្រហារ ពេលធ្វើដំណើរតាមផ្លូវកខ្វក់ និងកាត់តាមតំបន់ព្រៃ។
ការបង្ហោះនៅលើ X (អតីត Twitter) អ្នកកាសែត Bild ឈ្មោះ Julian Ropcke បាននិយាយថា Marders ទាំង៣គ្រឿង “បានធ្លាក់ខ្លួនជាជនរងគ្រោះ” ចំពោះការវាយប្រហាររបស់រុស្ស៊ី ដែលមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រពីព្រំដែន – ខណៈដែលកងកម្លាំងអ៊ុយក្រែន បានបញ្ជូនយានប្រយុទ្ធទាំងនោះ ចូលទៅក្នុងសមរភូមិ “ដោយគ្មានការការពារដែន អាកាសគ្រប់គ្រាន់” ៕
ប្រែសម្រួលៈ ណៃ តុលា