បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT បានអះអាងថាទីបំផុតអតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានត្រលប់មកបង្ហោះសារ នៅលើ X ឬជាអតីតបណ្តាញសង្គមដែលមានឈ្មោះថា Twitterនោះវិញហើយ កាលពីថ្ងៃចន្ទ បន្ទាប់ពីបានផ្អាកប្រើប្រាស់ជិតមួយឆ្នាំ។
ការវិលត្រឡប់របស់លោក Trump ទៅកាន់វេទិកាមួយ ដែលបានហាមឃាត់ គាត់ពីមុនមក បានកើតឡើងតែប៉ុន្មានម៉ោង មុនពេលអ្នកនាំមុខគណបក្ស សាធារណរដ្ឋនៅក្នុងការបោះឆ្នោត ប្រធានាធិបតីឆ្នាំ២០២៤រូបនេះ នឹងត្រូវបានសម្ភាសន៍ ដោយម្ចាស់ក្រុមហ៊ុន X គឺ Elon Musk ។
រំលឹកដែរថា មហាសេដ្ឋីលោក Elon Musk បានបង្កើតគណនី របស់លោក Trump ឡើងវិញភ្លាមៗ បន្ទាប់ពីលោកបានចំណាយលុយ រាប់ពាន់លានដុល្លារទិញ វេទិកានេះកាលពីក្នុងឆ្នាំ២០២២ ។
គេសង្កេតឃើញថា ការបង្ហោះដំបូងរបស់លោក Trump គឺជាការផ្សាយពាណិជ្ជកម្មរយៈពេលពីរនាទីកន្លះដែលមានចំណងជើងថា ‘MAKE AMERICA GREAT AGAIN!ប៉ុន្តែ ដោយគ្មានចំណងជើងនៃការបង្ហោះនោះទេ។
ក្នុងនោះផងដែរលោក Trump ក៏បានបង្ហោះសារឡើងវិញ ទៅលើគណនី X ផ្លូវការអំពីយុទ្ធនាការ របស់គាត់ ដែលផ្សព្វផ្សាយបទសម្ភាសន៍ របស់គាត់នៅលើវេទិកា ជាមួយ Musk ដែលនឹងផ្សាយផ្ទាល់ នៅលើគណនីផ្លូវការរបស់ Trumpផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី