ព័ត៌មានអន្តរជាតិ

១៥ សីហា ទិវាជាតិអេកូឡូស៊ី​ បង្កើនល្បឿនសាង សហគមន៍ បៃតងសកល

១៥ សីហា ឆ្នាំ២០២៤ ជាខួប១ឆ្នាំ ដែលស្ថាប័ននីតិប្បញ្ញត្តិកំពូល របស់ប្រទេសចិន នៅក្នុងសម័យប្រជុំ នៃគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន លើកទី១៤ បានកំណត់ជា «ទិវាជាតិអេកូឡូស៊ី» បន្ថែមលើទិវាអន្តរជាតិ បរិស្ថានដែលប្រទេសចិន ផ្តល់តម្លៃយ៉ាងខ្លាំងក្លា ។ នេះជាដំណើរស្រប និងបន្តមរតកដ៏ប្រសើរ នៃទស្សនវិជ្ជាចិន ដែលមានអាយុកាលជាង២៧០០ឆ្នាំ ស្តីពីដំណើរនៃអ្វីគ្រប់យ៉ាងត្រូវ គោរពតាមក្រឹត្យ ក្រមធម្មជាតិ ដោយមនុស្សនិងធម្មជាតិ គឺជាតួអង្គរួម ដែលមិនអាចបំបែកបាន ហើយបុព្វបុរសចិនបានសង្ខេប នូវស្មារតី នៃការរួមបញ្ចូលគ្នាទៅវិញទៅមក ដោយបានចែងថា អ្វីៗទាំងអស់កើតចេញមកជាមួយគ្នា ដោយមិនបំផ្លាញគ្នាទៅវិញទៅមក ។

១៥ សីហា ឆ្នាំ២០២៤ រំលឹកឡើងវិញ នូវស្មារតីរួមរបស់ប្រជាជាតិចិន ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ប្រកបដោយទំនួលខុសត្រូវខ្ពស់ ចំពោះអេកូឡូស៊ីសកល ហើយវាជាគីឡូម៉ែត្រចេញ ដំណើរដោយបាន ផ្តល់កាលានុវត្តភាព ដល់បណ្តាប្រទេសនានា ចូលរួមកាន់តែសកម្ម ជាមួយចិន នៅក្នុងបរិបទបង្កើនបៃតងភាព និង ការអភិវឌ្ឍបៃតងដល់ពិភពលោក ដោយប្រទេសចិន បាននិងកំពុងបំពេញតួនាទីឈានមុខ លើការគោរពនិងផ្តល់ តម្លៃខ្ពស់ ចំពោះអរិយធម៌អេកូឡូស៊ីនេះ ដូចមានចែងពីការធ្វើកំណែទម្រង់ ស៊ីជម្រៅក្នុងប្រទេសចិន តាមរយៈលទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣ អាណត្តិទី២០នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន ដែលជាសារ ដ៏សំខាន់លាតត្រដាងពីគោលដៅច្បាស់ លាស់របស់ប្រទេសចិនក្រោមការដឹកនាំ របស់បក្សកុម្មុយនិស្តចិន នៅក្នុងការធានាថែរក្សាការអភិរក្ស ជីវចម្រុះជាសកល ក្រោមទម្រដ៏រឹងមាំនៃការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។

១៥ សីហា ឆ្នាំ២០២៤ ជាការគូសរំលេចកាន់តែខ្លាំងក្លា បន្ថែមទៀតនូវទស្សនៈប្រកបដោយគុណតម្លៃមហាសាលកាលពី១៩ឆ្នាំ (១៥ សីហា ២០០៥) ស្តីពី «ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ដែលបានផ្តួចផ្តើម និងអនុវត្តដោយលោក Xi Jinping ហើយបាននិងកំពុងអត្ថិភាពពេញ ក្នុងក្រអៅបេះដូង របស់ប្រជាជនចិន ដោយបានចាត់ទុកថាទស្សនៈនេះជាគ្រឹះនៃអរិយធម៌អេកូឡូស៊ី ជាស្ថាបនិកនៃទិវាជាតិអេកូឡូស៊ី និងជាការចូលរួមថែរក្សាភពផែនដី ប្រៀបដូចជាការចូលរួមថែរក្សា កែវនេត្រា របស់យើងទាំងអស់គ្នាផងដែរ។ ទិវាជាតិអេកូឡូស៊ី ១៥ សីហា បានរំលេចយ៉ាងច្បាស់ នូវសមិទ្ធផលនានា របស់ប្រទេសចិន ជូនដល់ពិភពលោក ក្នុងការឈ្វេងយល់ កាន់តែស៊ីជម្រៅ អំពីការអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព របស់ប្រជាជនចិនជាង១ពាន់៤រយលាននាក់ ក្នុងចរន្ត នៃការកសាងអរិយធម៌ អេកូឡូស៊ីនិងការអភិរក្សជីវចម្រុះ ដើម្បីរួមគ្នាបង្កើនល្បឿន កសាងសហគមន៍រួមជីវិត បង្កើនសុខដុមនីយកម្មនៃវិបុលភាពរួមរវាងមនុស្សនិងធម្មជាតិ។

១៥ សីហា ឆ្នាំ២០២៤ ជាការពន្លាតនូវមរតក នៃវប្បធម៌ទំនៀមទម្លាប់ប្រពៃណី ប្រជាជាតិចិនបុណ្យឆេងម៉េង ដែលតែងប្រារព្ធជារៀងរាល់ឆ្នាំ ដោយផ្សារភ្ជាប់ជាមួយបរិស្ថាន ការដាំដើមឈើ និងសកម្មភាពនានា ជាច្រើនទៀតចូលរួមបង្កើនសម្រស់ដល់ផែនដី។ បន្ថែមពីលើនេះ ក្រោមសំណើ របស់ប្រទេសចិន ក្នុងស្មារតីផ្តល់ភាពស្រស់ស្អាត និងបៃតងភាពរបស់ភពផែនដីជូនដល់អ្នកជំនាន់ក្រោយ បានផ្តល់ជាសក្ខីកម្ម ដល់ពិភពលោកនៅចងចាំដោយគ្មានភាពស្រពិចស្រពិលនូវកិច្ចប្រជុំដំណាក់កាលទី២នៃមហាសន្និបាតភាគីហត្ថលេខីលើកទី១៥ 《អនុសញ្ញា ជីវចម្រុះ》នៃអង្គការសហប្រជាជាតិ (COP15) កាលពីថ្ងៃទី៧ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ស្តីពី «អរិយធម៌ អេកូឡូស៊ី ៖ ការកសាងអនាគត រួមគ្នាសម្រាប់ជីវិតទាំងអស់ នៅលើផែនដី » គឺជាសន្និសីទសកល លើកដំបូងគេ បង្អស់ដែលត្រូវបានរៀបចំឡើង ដោយអង្គការសហប្រជាជាតិ ដោយផ្តោតលើអរិយ ធម៌អេកូឡូស៊ី ហើយក្នុងកិច្ចប្រជុំនោះ ប្រទេសចិនបានផ្តល់ផែនការខ្លួន ប្រកបដោយគរុសភាលើការអភិរក្សជីវចម្រុះ ជាសកលរួមទាំងយន្ត ការការពារ«ខ្សែបន្ទាត់ក្រហម អភិរក្សអេកូឡូស៊ី» ។ ជាក់ស្តែង ប្រទេសចិនបានក្លាយ ជាប្រទេសដែលមានផ្ទៃដី ដាំដើមឈើច្រើន ជាងគេ នៅក្នុងពិភពលោក ដែលត្រូវជា២៥% នៃបរិមាណព្រៃឈើ នៅទូទាំងពិភពលោក ។ ទន្ទឹមនឹងនេះ ការការពារព្រៃឈើ នឹងធ្វើឱ្យជីវៈចម្រុះ ក៏ត្រូវបានថែរក្សា យ៉ាងយកចិត្តទុកដាក់ផងដែរ។ ក្នុង១ឆ្នាំៗ ប្រទេសចិនបានកាត់បន្ថយការ បញ្ចេញកាបូនិក បានចំនួន២៩៤០លានតោន និងបានកាត់បន្ថយការប្រើប្រាស់ ធ្យូងថ្មចំនួន១៤០០ លានតោន ដែលនេះជាការសម្រេចបានមុនកាលកំណត់ ។
១៥ សីហា ឆ្នាំ២០២៤ ជាការពង្រឹងនូវគុណតម្លៃរួម នៃទស្សនៈអរិយធម៌អេកូឡូស៊ីដែលបានជ្រៀតចូលយ៉ាងស៊ីជម្រៅទៅក្នុងដួងចិត្តរបស់ប្រជាជនចិន របៀបរស់នៅដោយ សន្សំសំចៃ ថាមពល ការប្រើប្រាស់ ថាមពលស្អាត ការបំភាយកាបូនទាប បាននិងកំពុងក្លាយ ជាជម្រើសដោយ ខ្លួនឯង របស់ប្រជាជនចិន កាន់តែច្រើនឡើងៗ។ តាមរយៈទិវាជាតិអេកូឡូស៊ី ១៥ សីហា សហគមន៍អន្តរជាតិពិត ជាបាននិងកំពុងសាទរហើយប្រកៀកស្មា ជាមួយប្រទេសចិន ដែលបានត្រៀមខ្លួន រួចជាស្រេច ក្នុងការកសាងអនាគតរួមគ្នា សម្រាប់ជីវិតទាំងអស់នៅលើផែនដី និងរួមគ្នា ជាមួយចិនជ្រោងទង់ នៃការថែរក្សាបរិស្ថានអេកូឡូស៊ីពិភពលោក ។
ជារួម ទិវាជាតិអេកូឡូស៊ី ១៥ សីហា បានក្លាយជាស្មារតីរួមជាសកល និងជាកម្លាំងចលករដែលបង្ហាញពីប្រាជ្ញាចិន ក្នុងការដោះស្រាយនូវបញ្ហាសកល ស្តីពីការប្រែប្រួលអាកាសធាតុដែលជាបេសកកម្មរួមរបស់មនុស្សជាតិ ហើយដែលប្រទេសចិនកំពុងដើរ តួនាទីឈានមុខដ៏សំខាន់។ នៅពេលនេះ គ្រប់គ្នានៃពិភពលោក កំពុងយកចិត្តទុកដាក់សម្លឹងមើលមករដ្ឋធានីប៉េកាំង ទីដែលបានដាក់ចេញ នូវទិវាជាតិអេកូឡូស៊ី ១៥ សីហា ហើយប្រទេសចិន បានអំពាវនាវសូមឲ្យពិភពលោក ចូលរួមជាមួយគ្នារួមចំណែក ដល់ការបង្កើតយន្តការសកលប្រកបដោយសមធម៌ និងភាពស័ក្តិសិទ្ធនៃការអភិវឌ្ឍបៃតង សកលប្រកបដោយចីរភាពកម្រិតខ្ពស់ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះឈរលើទម្រដ៏រឹងមាំ នៃអរិយធម៌អេកូឡូស៊ី៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកប្រតិបត្តិ សមាគមមិត្តភាព កម្ពុជា-ចិន

To Top