ព័ត៌មានអន្តរជាតិ

លោក Medvedev សន្យាថានឹងដាក់ទោស ចំពោះការលុកលុយក្នុងតំបន់ Kursk

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ប្រទេសអ៊ុយក្រែន ប្រាកដណាស់ថា នឹងប្រឈមមុខនឹងការសងសឹក ចំពោះការវាយលុកទ្រង់ទ្រាយធំ របស់ខ្លួនលើតំបន់ Kursk កាលពីសប្តាហ៍មុន ។

ថ្លែងនៅក្នុងកិច្ចប្រជុំរបស់គណបក្ស United Russia ដែលកាន់អំណាចកាលពីថ្ងៃអង្គារ លោក Medvedev ដែលជាប្រធានគណបក្ស ក៏ដូចជាដឹកនាំក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បាននាំគ្នាធ្វើការថ្លឹងថ្លែងលើការ វាយប្រហាររបស់អ៊ុយក្រែនលើតំបន់ Kursk និងក៏ត្រូវបានគេចាត់ថាបានក្លាយជា ការវាយប្រហារដ៏ធំបំផុតរបស់ កងម្លាំងយោធាទីក្រុងគៀវមកលើទឹកដីរុស្ស៊ី ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះ។

រដ្ឋាភិបាលទីក្រុង​ម៉ូស្គូ​បាន​ហៅ​ការ​ វាយ​ប្រហារ​នេះ​ថា​ជា​ការ​បង្ក​ហេតុ ដោយ​ចោទ​ក្រុងគៀវ​ពី​ការ​វាយ​ប្រហារ​ មិន​រើស​មុខ​លើ​ជន​ស៊ីវិលថែមទៀតផង។

ខណៈ​ដែល​លោក​បាន​អះអាង​ថា អាជ្ញាធរ​រុស្ស៊ី​គួរតែ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​ជួយ​ជន​ជម្លៀស​រាប់​ពាន់​នាក់ ​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​នោះ លោក​Medvedevក៏បាន​អះអាង​ថា អ៊ុយក្រែន​នឹង​ពិតជា​ទទួល​បាន​ ការ​ដាក់​ទណ្ឌកម្ម​ដែល​សក្តិសម។

លោកបានបន្ថែមថា ការសងសឹកនេះ ក៏នឹងត្រូវគិតគូរពីផលប៉ះពាល់ផ្សេងៗគ្នា ជាច្រើនសម្រាប់អ្នកដែលបានធ្វើរឿងនេះ រួមទាំងការដឹកនាំនៃរបបជាតិនិយម គៀវផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top