ហ្គាហ្សា៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសថា ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធប្រហែល ១០០នាក់ និងបានរកឃើញអាវុធ និងការលាក់ខ្លួននៅក្នុងតំបន់ Shabura នៃទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្គាហ្សា។
អ្នកនាំពាក្យ IDF លោក Avichay Adraee បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ក្នុងប្រតិបត្តិការរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កងកម្លាំងអ៊ីស្រាអែល បានកំណត់អត្តសញ្ញាណ និងលុបបំបាត់សមាជិកប្រដាប់អាវុធ នៅក្នុងប្រតិបត្តិការច្បាស់លាស់មួយ។ លោកបានកត់សម្គាល់ថា អគារស្នាក់នៅ និងកន្លែងលាក់ខ្លួនរបស់ក្រុមប្រដាប់អាវុធ ត្រូវបានរកឃើញ ហើយត្រូវបានបំផ្លាញជាបន្តបន្ទាប់។
លើសពីនេះទៀត IDF បានប៉ះទង្គិចជាមួយក្រុមប្រដាប់អាវុធមួយផ្សេងទៀត ដែលត្រូវបានពង្រឹងនៅក្នុងផ្ទះល្វែងមួយកន្លែង ដែលជាលទ្ធផលនៅក្នុងការ លុបបំបាត់ពួកសកម្មប្រយុទ្ធ ហើយបន្ទាប់ពីការប៉ះទង្គិចគ្នា ទាហានអ៊ីស្រាអែល បានឆែកឆេរអគារ ដោយរកឃើញអាវុធ អាវកាក់ និងផ្លូវរូងក្រោមដី សម្រាប់ប្រតិបត្តិការវាយលុយផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ មិនមានការឆ្លើយតបភ្លាមៗពីក្រុមហាម៉ាស់ ឬក្រុមប៉ាឡេស្ទីនផ្សេងទៀតនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សាក្សីបានប្រាប់កាសែតស៊ីនហួថា IDF កំពុងបង្កើតតំបន់ការពារ និងធ្វើការជីកកកាយយ៉ាងទូលំទូលាយនៅតាមព្រំដែន ដោយលាតសន្ធឹងរហូតដល់ ១ គីឡូម៉ែត្រនៅខាងក្នុងទីក្រុងរ៉ាហ្វា ។ ពួកគេក៏បានរាយការណ៍ពីការទម្លាក់គ្រាប់បែក យ៉ាងទូលំទូលាយនៅក្នុងសង្កាត់រ៉ាហ្វា និងបានអះអាងថា កងទ័ពអ៊ីស្រាអែល កំពុងរារាំងក្រុមគ្រូពេទ្យ និងបុគ្គលិកការពារស៊ីវិលពីការចូលទៅកាន់តំបន់ទាំងនេះ។
អ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹក ចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដែលបានបណ្តាលឱ្យមនុស្សប្រហែល ១,២០០ នាក់បានស្លាប់ និងចំណាប់ខ្មាំងប្រហែល ២៥០នាក់ត្រូវបានចាប់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា