បរទេស៖ ក្រសួងការ បរទេសអាមេរិក បានបើកភ្លើងខៀវក្នុងការលក់អាវុធថ្មីតម្លៃជាង ២០ ពាន់លានដុល្លារ បើទោះបីជាមាន សម្ពាធលើរដ្ឋបាល របស់ប្រធានាធិបតី Joe Biden ដើម្បីបញ្ឈប់ការចែកចាយអាវុធដល់អ៊ីស្រាអែល និងជំរុញឱ្យអ៊ីស្រាអែល ចូលទៅក្នុងការចរចា បទឈប់បាញ់ជាមួយក្រុមហាម៉ាស ដើម្បីបញ្ឈប់ការបង្ហូរឈាម នៅហ្គាហ្សាក៏ដោយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងការជូនដំណឹង ជាបន្តបន្ទាប់ទៅកាន់សភា កាលពីថ្ងៃអង្គារ ក្រសួងការបរទេសបានទទូចថា សហរដ្ឋអាមេរិក “ប្តេជ្ញាចិត្តចំពោះសន្តិសុខ របស់អ៊ីស្រាអែល ហើយវាមានសារៈសំខាន់ ចំពោះផលប្រយោជន៍ជាតិ របស់សហរដ្ឋអាមេរិក ក្នុងការជួយអ៊ីស្រាអែល ក្នុងការអភិវឌ្ឍ និងរក្សានូវសមត្ថភាពការពារ ស្វ័យការពារដ៏រឹងមាំ និងត្រៀមខ្លួនជាស្រេច”។
កិច្ចព្រមព្រៀងដ៏ធំបំផុតដែលមានតម្លៃប្រហែល ១៨,៨ ពាន់លានដុល្លារ រួមមានការលក់យន្តហោះចម្បាំង F-15IA ថ្មីចំនួន ៥០ គ្រឿង និង ការធ្វើឱ្យប្រសើរឡើង នូវយន្តហោះ F-15I ចំនួន ២៥ គ្រឿង ដែលបានដាក់ឱ្យប្រើប្រាស់ ជាមួយកងទ័ព អាកាសអ៊ីស្រាអែល រួចមកហើយ ។ ទីក្រុង West Jerusalem ក៏មានបំណងទិញកាំជ្រួច ដែលបាញ់ពីអាកាស ទៅអាកាសកម្រិតមធ្យម (AMRAAM) សម្រាប់យន្តហោះចម្បាំង , រថយន្តដឹកទំនិញយោធាថ្មី និងឧបករណ៍ មួយចំនួនទៀត។
ក្រសួងការបរទេសអាមេរិក បានអះអាងថា ការលក់ដែលបានស្នើឡើង “នឹងមិនផ្លាស់ប្តូរសមតុល្យយោធា ជាមូលដ្ឋាននៅក្នុងតំបន់” ហើយនឹង មិនមានផលប៉ះពាល់ អវិជ្ជមានដល់ការត្រៀម ខ្លួនការពារជាតិ របស់សហរដ្ឋអាមេរិកឡើយ៕
ប្រែសម្រួលៈ ណៃ តុលា