តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍មកថា ប្រទេសអ៊ុយក្រែន បានបើកការវាយប្រហារទៅលើ អាកសយានដ្ឋានយោធារបស់រុស្ស៊ី ចំនួន៤កន្លែង កាលពីថ្ងៃពុធ គឺពេញមួយយប់ដោយនៅក្នុង “ការវាយប្រហារនោះគឺបានប្រើយន្តហោះគ្មានមនុស្សបើក រយៈចម្ងាយឆ្ងាយបំផុត” របស់ខ្លួននៅក្នុងអំឡុងពេលជម្លោះ ខណៈដែលអ៊ុយក្រែន បានបន្តការវាយលុករបស់ខ្លួនចូលទៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី ។
យោងតាមសេចក្តីថ្លែងការណ៍ របស់អគ្គសេនាធិការអ៊ុយក្រែន បានបង្ហោះនៅលើបណ្តាញ Telegram ថា គោលដៅចម្បងនៃការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងតំបន់ Voronezh, Kursk និង Nizhniy Novgorod របស់រុស្ស៊ី គឺសំដៅលើឃ្លាំងផ្ទុកប្រេងឥន្ធនៈ និងអាវុធអាកាសចរណ៍ ។
លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានសរសេរនៅលើបណ្តាញ Telegram ថា “យើងបន្តឆ្ពោះទៅមុខបន្ថែមទៀតនៅក្នុងទីក្រុង Kursk” ពី១ទៅ២គីឡូម៉ែត្រនៅក្នុងតំបន់ផ្សេងៗ ចាប់តាំងពីការចាប់ផ្តើមនៃថ្ងៃនោះ ។
ប្រព័ន្ធផ្សព្វផ្សាយបរទេសបានរាយការណ៍មកថា យោធាអ៊ុយក្រែនប្រហែល ១២.០០០នាក់ បានចូលទៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី ដោយបានបង្កើតតំបន់ការពារ ជាយុទ្ធសាស្ត្រនៅក្នុងតំបន់ព្រំដែននោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា