ព័ត៌មានអន្តរជាតិ

លោក បៃដិន កោតសរសើរលោក គីស៊ីដា សម្រាប់ការផ្លាស់ប្តូរតួនាទី របស់ជប៉ុន ក្នុងវិស័យសន្ដិសុខពិភពលោក

Kyodo

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានសរសើរនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ដែលផុតអាណត្តិ សម្រាប់ការផ្លាស់ប្តូរតួនាទី របស់ប្រទេសក្នុងវិស័យ សន្តិសុខពិភពលោក និងជួយបង្កើតទំនាក់ទំនងត្រីភាគី កាន់តែជិតស្និទ្ធ ដែលពាក់ព័ន្ធនឹងកូរ៉េខាងត្បូង។

លោក បៃដិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ត្រូវបានដឹកនាំដោយភាពក្លាហាន និងភាពច្បាស់លាស់ខាងសីលធម៌ នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា បានផ្លាស់ប្តូរតួនាទីរបស់ប្រទេសជប៉ុន នៅក្នុងពិភពលោក” ។

ក្នុងអំឡុងពេលកាន់តំណែង របស់គាត់ ដែលបានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០២១ លោក គីស៊ីដា បានធ្វើការដើម្បីបង្កើនការ ចំណាយលើការការពារប្រចាំឆ្នាំ យ៉ាងខ្លាំង និង ការកែប្រែគោលនយោបាយជាមុន ដើម្បីអនុញ្ញាតឱ្យកងកម្លាំងស្វ័យការពាររបស់ជប៉ុន មានជម្រើសកាន់តែច្រើននៅក្នុងព្រឹត្តិការណ៍ នៃឧបទ្ទវហេតុមួយ សូម្បីតែនៅក្រោមរដ្ឋធម្មនុញ្ញ ដែលបោះបង់ចោលសង្រ្គាមក៏ដោយ។

លោក បៃដិន បានលើកឡើងថា “លោក គីស៊ីដា បានបង្ហាញពីយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីដ៏សំខាន់មួយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

មេដឹកនាំសហរដ្ឋអាមេរិករូបនេះ ក៏បានឲ្យដឹងផងដែរថា លោក គីស៊ីដា រួមជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានចាត់វិធានការជាប្រវត្តិសាស្ត្រឆ្ពោះ ទៅរកយុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការត្រីភាគី រវាងទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តសន្តិសុខសំខាន់ៗ របស់ខ្លួននៅអាស៊ី គឺទីក្រុងតូក្យូ និងតីក្រុងសេអ៊ូល៕
ប្រែសម្រួល ឈូក បូរ៉ា

To Top