ព័ត៌មានអន្តរជាតិ

ចិន បង្ហាញឆន្ទៈរក្សា​ស្ថិរភាព​ទំនាក់ទំនង​ជាមួយ​ជប៉ុន ទោះបី​ជាបន្ទាប់ពីលោក គីស៊ីដា លាលែង​ពី​តំណែង​

ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា ខ្លួនកំពុងតាមដានស្ថានការណ៍នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីនាយករដ្ឋមន្ត្រីចប៉ុនលោក ហ្វូមីអូ គីស៊ីដា បានប្រកាសថា លោកនឹងមិនចូលរួមក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណបក្សកាន់អំណាចនាពេលខាងមុខនោះទេ ដែលជាជំហាននាំទៅដល់ការលាលែងពីតំណែង ហើយមានឆន្ទៈក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានស្ថិរភាព ទោះបីជាបន្ទាប់ពីការចាកចេញរបស់លោកក៏ដោយ។

ដោយហៅប្រទេសជប៉ុនថាជា “អ្នកជិតខាងដ៏សំខាន់” ក្រសួងការបរទេសចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្តល់ទៅឱ្យសារព័ត៌មានក្យូដូថា ប្រទេសចិន មិនធ្វើអត្ថាធិប្បាយលើនយោបាយក្នុងស្រុករបស់ជប៉ុននោះទេ។  ទោះជាយ៉ាងណាក៏ដោយ ប្រភពបានបន្ថែមថាទីក្រុងប៉េកាំង ចង់លើកកម្ពស់ “យុទ្ធសាស្ត្រ និងផលប្រយោជន៍ទៅវិញទៅមក” ក៏ដូចជាទំនាក់ទំនង “ស្ថាបនា និងស្ថិរភាព” ជាមួយទីក្រុងតូក្យូ។

នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន មនុស្សជាច្រើនបានបង្ហោះការអត្ថាធិប្បាយទាក់ទងនឹងជម្លោះទ្វេភាគីលើការបញ្ចេញទឹកវិទ្យុសកម្ម ដែលបានព្យាបាលពីរោងចក្រហ្វូគូស៊ីម៉ា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៣៤ ខែសីហាឆ្នាំមុន ដោយអ្នកនិយមលេងអ៊ីនធឺណិតមានការព្រួយបារម្ភអំពីរបៀប ដែលអ្នកស្នងតំណែងបន្ទាប់របស់លោក គីស៊ីដា នឹងដោះស្រាយវា។

អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួនបានរិះគន់លោក គីស៊ីដា ចំពោះការបញ្ចេញទឹក “កខ្វក់ដោយនុយក្លេអ៊ែរ” ចូលទៅក្នុងមហាសមុទ្រ ខណៈដែលអ្នកផ្សេងទៀតបានសម្តែងក្តីសង្ឃឹមថា អ្នកស្នងតំណែងរបស់លោកនឹងប្រឆាំងនឹងការបញ្ចេញទឹកវិទ្យុសកម្ម។

ប្រទេស​ចិន​បាន​ប្រឆាំង​យ៉ាង​ខ្លាំង ចំពោះ​ការ​បញ្ចេញ​ទឹក​ដែល​បាន​ព្យាបាល​ពី​រោងចក្រ​នុយក្លេអ៊ែរ Fukushima Daiichi ដែល​បាន​រង​ការ​រលាយ​នៃ​ឥន្ធនៈ​របស់​ម៉ាស៊ីន​រ៉េអាក់ទ័រ​បន្ទាប់​ពី​ការ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១១។

ភ្លាមៗបន្ទាប់ពីការចាប់ផ្តើមនៃការបញ្ចេញទឹក ទីក្រុងប៉េកាំងបានដាក់បម្រាមលើផលិតផលអាហារសមុទ្ររបស់ជប៉ុន ដែលធ្វើឲ្យទំនាក់ទំនងរវាងប្រទេសជិតខាងអាស៊ីទាំងពីរកាន់តែធ្ងន់ធ្ងរ ហើយជប៉ុន​បាន​ជំរុញ​ឲ្យ​ចិន​ដក​បម្រាម​នេះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បានផងដែរ។

ទំនាក់ទំនងចិន-ជប៉ុន មានភាពតានតឹង ជុំវិញបញ្ហាជាច្រើនទៀតផងដែរ រួមទាំងតៃវ៉ាន់ ដែលចិនអះអាងថា ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងការឃុំខ្លួនរបស់ទីក្រុងប៉េកាំង លើជនជាតិជប៉ុនជុំវិញការចោទប្រកាន់ចារកម្ម៕

ប្រែសម្រួល ឈូក បូរ៉ា

To Top