ប៉េកាំង៖ បេសកជនចិនមួយរូប បានរំលឹកឡើងវិញ នូវការអំពាវនាវឱ្យក្រុមប្រដាប់អាវុធហ៊ូទី គោរពសិទ្ធិធ្វើនាវាចរណ៍ របស់នាវាឈ្មួញទាំងអស់នៅក្នុងសមុទ្រក្រហម ស្របតាមច្បាប់អន្តរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសុន្ទរកថានៅឯសន្និសីទសង្ខេប ក្រុមប្រឹក្សាសន្តិសុខ ស្តីពីប្រទេសយេម៉ែន លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសចិនស្វាគមន៍ ចំពោះកិច្ចព្រមព្រៀងនាពេលថ្មីៗនេះរវាងរដ្ឋាភិបាលយេម៉ែន និងក្រុមហ៊ូទី ស្តីពីបញ្ហាហិរញ្ញវត្ថុ និងអាកាសចរណ៍។
លោកបាមលើកឡើងថា “យើងសង្ឃឹមថា ភាគីនានានឹងកសាងលើគំរូនេះ ហើយចងចាំផលប្រយោជន៍ និងសុខុមាលភាពរបស់ប្រជាជនយេម៉ែន រក្សាការប្តេជ្ញាចិត្ត ចំពោះដំណោះស្រាយនយោបាយ លុបបំបាត់ការជ្រៀតជ្រែក ជួបគ្នាពាក់កណ្តាលផ្លូវ និង ដោះស្រាយជម្លោះតាមរយៈការសន្ទនា និងការចរចា ដើម្បីរួមគ្នាលើកកម្ពស់ដំណើរ ការនយោបាយដ៏ទូលំទូលាយ ដែលដឹកនាំដោយយេម៉ែន និងគ្រប់គ្រងដោយយេម៉ែន”។
លោកបានកត់សម្គាល់ថា ប្រទេសចិនគាំទ្រកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលរបស់បេសកជន ពិសេសរបស់អង្គការ សហប្រជាជាតិទទួលបន្ទុកប្រទេសយេម៉ែន លោក Hans Grundberg ហើយរំពឹងថា គ្រប់ភាគីទាំងអស់ ជាពិសេសប្រទេស ដែលមានឥទ្ធិពលលើស្ថានភាពក្នុងប្រទេសយេម៉ែន នឹងដើរតួក្នុងន័យ ស្ថាបនាក្នុងរឿងនេះ។
ប្រទេសចិន ជាថ្មីម្តងទៀត អំពាវនាវដល់ក្រុមហ៊ូទី ឱ្យគោរពសិទ្ធិនាវាចរណ៍ របស់នាវាឈ្មួញទាំងអស់ នៅក្នុងសមុទ្រក្រហម ស្របតាមច្បាប់អន្តរជាតិ បញ្ឈប់ការយាយី និងការវាយប្រហារ និងរក្សាសុវត្ថិភាព នៃផ្លូវដឹកជញ្ជូននៅសមុទ្រក្រហម។ ឯកអគ្គរដ្ឋទូតបានលើកឡើងថា ដោយជំរុញ ឱ្យភាគីពាក់ព័ន្ធអនុវត្តការអត់ធ្មត់ និងបញ្ឈប់សកម្មភាពដែលនឹងធ្វើឱ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង៕
ប្រែសម្រួល ឈូក បូរ៉ា