ព័ត៌មានអន្តរជាតិ

ភាពរ៉ូម៉ែនទិចបែបចិន ៖ ការប្រគំតន្ត្រី លើវាលខ្សាច់

និយាយដល់ការប្រគំតន្ត្រី វាមិនមែនជារឿងចម្លែកអ្វីទេសម្រាប់យើងទាំងអស់គ្នា ពីព្រោះវាជារឿងដែលយើងបានដឹងនិងបានស្គាល់យ៉ាងច្បាស់ មិនថាយើងធ្លាប់ទៅទស្សនា នៅឯឆាកប្រគំតន្ត្រីផ្ទាល់ ឬទស្សនាតាមកញ្ចក់ទូរទស្សន៍នោះទេ ។ តែបើនិយាយដល់ការប្រគំតន្ត្រីលើវាលខ្សាច់វិញ ប្រហែលមិនសូវមានអ្នកដឹងឮទេ ។

ក្រុង ទួនហួង ដែលស្ថិត នៅភាគពាយព្យនៃខេត្ត កានស៊ូ ប្រទេសចិន ជាទីក្រុងបុរាណដ៏ល្បីឈ្មោះ ដោយសារមានរមណីយដ្ឋាន ប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏ចំណាស់ ។ ចម្លាក់ថ្មនៅរូងថ្ម ម៉ក់កាវ និងគំនូរលើជញ្ជាំង នៅក្នុងរូងភ្នំជាស្នាដៃ វិចិត្រសិល្បៈបុរាណ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន និងជាតឹកតាងប្រវត្តិសាស្ត្រដ៏រស់រវើក ដែលឆ្លុះបញ្ជាំងពីអរិយធម៌ និងវប្បធម៌ដ៏ល្អផូរផង់និងយូរលង់របស់ប្រទេសចិន ។

ក្រៅអំពីបុរាណដ្ឋាន វាលខ្សាច់ ក៏ជាប្រភពធនធានទេសចរណ៍ ដ៏សំខាន់នៃខេត្ត កានស៊ូ ផងដែរ ។ ផ្អែកលើធនធានវាលខ្សាច់ ដែលមានទំហំ រហូតដល់ទៅជាង ៥០% នៃទំហំផ្ទៃដី នៃខេត្តទាំងមូល រដ្ឋបាលតំបន់នានានៃខេត្ត កានស៊ូ បានបង្កើតឧទ្យានជាតិ វាលខ្សាច់ជាច្រើន ដែលជាផលិតផល ទេសចរណ៍វប្បធម៌ ដ៏ទាក់ទាញ ។ ក្នុងនោះ រមណីយដ្ឋានទឹកផុសអឌ្ឍចន្ទភ្នំមីងសា ជាឧទ្យានជាតិ វាលខ្សាច់មួយ ដែលទទួលបានការ ពេញនិយមខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

កាលពីវិស្សមកាលរដូវក្តៅនៃឆ្នាំ ២០២៣ រមណីយដ្ឋានទឹកផុសអឌ្ឍចន្ទភ្នំមីងសា បានបញ្ចេញនូវផលិតផលទេសចរណ៍បែបច្នៃប្រឌិតថ្មី ពោលគឺ«ការប្រគំតន្ត្រីមនុស្សម៉ឺននាក់ក្រោមពន្លឺផ្កាយដែលរះពេញមេឃ» ដែលទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ភ្ញៀវទេសចរ ពិសេសក្នុងចំណោមយុវជន ។ នៅក្នុងវិស្សមកាលរដូវក្តៅឆ្នាំនេះ ការប្រគំតន្ត្រីនេះបានប្រារព្ធឡើងជាលើកទី ២ តាមពេលកំណត់ ដែលបាននាំមកនូវបទពិសោធដ៏វិសេសវិសាលសម្រាប់ភ្ញៀវទេសចរ ។

តាមទិន្នន័យ នៃព័ត៌មានទេសចរណ៍ខេត្ត កានស៊ូ ឱ្យដឹងថា គិតត្រឹមថ្ងៃទី ៣ ខែសីហា រមណីយដ្ឋានទឹកផុសអឌ្ឍចន្ទភ្នំមីងសា ទទួលបានភ្ញៀវ ទេសចរណ៍សរុប ២៣០ ម៉ឺននាក់ក្នុងឆ្នាំ ២០២៤ នេះ ដែលមានកើនឡើង ៥០ ម៉ឺននាក់ ត្រូវជាប្រមាណ ៣០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ក្នុងនោះ ចំនួនអ្នកចូលទស្សនាការប្រគំតន្ត្រីលើវាលខ្សាច់ក្នុងមួយយប់មានប្រមាណជា ៧-៨ ម៉ឺននាក់ ។

រូបមន្ត«តន្ត្រី+ទេសចរណ៍» ដែលជាផលិតផលទេសចរណ៍ប្រណីត ទើបបញ្ចេញថ្មីរបស់រមណីយដ្ឋានទឹកផុសអឌ្ឍចន្ទភ្នំមីងសា បានផ្តល់ជម្រើស កាន់តែច្រើន ជូនដល់ភ្ញៀវទេសចរ ពោល គឺពេលថ្ងៃរីករាយជាមួយទេសភាពធម្មជាតិនៃវាលខ្សាច់ ពេលយប់បណ្តែតអារម្មណ៍ជាមួយបទចម្រៀងពីរោះៗ ។ ទិដ្ឋភាពដែលមនុស្សរាប់ម៉ឺននាក់ជួបជុំគ្នានៅលើវាលខ្សាច់ ដើម្បីស្តាប់ការប្រគំតន្ត្រីឬនាំគ្នាច្រៀងតាមចង្វាក់ភ្លេង ពិសេសគ្រាន់តែងើយមើលមេឃ ក៏អាចមើលឃើញហ្វូងផ្កាយដែលរះព្រោងព្រាតឰដ៏អាកាស ដែលជាការសោយអារម្មណ៍ទាំងសោតវិញ្ញាណនិងចក្ខុវិញ្ញាណ ។

ពេលច្រៀងចប់ប៉ុន្មានបទ ដ្រូនចំនួន ៦០០ គ្រឿងបានហោះឡើង ជាសន្សឹមៗ ហើយហោះក្រវែលចុះឡើងតាមចង្វាក់ភ្លេង បន្ទាប់មកតម្រៀបគ្នា ជាអក្សរចិនដូចជា «ណាត់ជួបគ្នានៅក្រុងទួនហួង» និង«ការប្រគំតន្ត្រីមនុស្សម៉ឺននាក់ ក្រោមពន្លឺផ្កាយដែលរះពេញមេឃ»ជាដើម ដែលបានបង្កបរិយាកាស កាន់តែសប្បាយរីករាយ និងកាន់តែជក់ចិត្តដិតអារម្មណ៍ សម្រាប់ទស្សនិកជន ។ ក្រោយពីចប់ការប្រគំតន្ត្រី មានភ្ញៀវទេសចរជាច្រើន ដែលអាឡោះអាល័យ មិនចង់ចាកចេញបាននាំគ្នា ប្រះខ្លួនទម្រេតលើវាលខ្សាច់ សម្លឹងមើលផ្កាយដែលរះពេញមេឃ ទទួលយកភាពរ៉ូម៉ែនទិច ដែលមិនធ្លាប់មានក្នុងឆាកជីវិត ។

តាំងពីបុរាណមក ប្រជាជនចិន ក៏ប្រសប់ក្នុងការផ្សារភ្ជាប់មនោគតិ ទៅនឹងការពិតជាក់ស្តែងដែលបង្កើតបានជាការច្នៃប្រឌិតថ្មី និងក្លាយជាវប្បធម៌ដ៏ពិសេស នៃបូព៌ាប្រទេស ។ ការច្នៃប្រឌិតថ្មី នូវផលិតផលទេសចរណ៍ ដែលដាក់បញ្ចូលនូវភាពរ៉ូម៉ែនទិច បែបចិននិងបច្ចេកវិទ្យា ទំនើបបានក្លាយជាចំណុច ទាក់ទាញថ្មី ចំពោះទេសចរជាតិ និងអន្តរជាតិ ហើយនឹងបន្សល់ទុកនូវ អនុស្សាវរីយ៍ល្អៗដែលមិនអាចបំភ្លេចបានសម្រាប់ទេសចរគ្រប់រូប ។

ស្របនឹងការដាក់ចេញគោល នយោបាយបើកទូលាយ ដោយកម្រិតខ្ពស់ ប្រទេសចិនក៏បានដាក់ចេញ ជាបន្តបន្ទាប់នូវគោលនយោបាយ កែលម្អគុណភាពនិងសេវាកម្ម ទេសចរណ៍ផងដែរ តួយ៉ាងដូចជាការលើកលែងទិដ្ឋាការទៅវិញទៅមកឬ ដោយឯកតោភាគីជាមួយប្រទេស កាន់តែច្រើនឡើងៗ ពិសេសការលើកលែង ទិដ្ឋាការរយៈពេល ១៤៤ ម៉ោង សម្រាប់ការឆ្លងកាត់ប្រទេសចិន បាននាំឱ្យជនបរទេសដែលធ្វើដំណើរ ឆ្លងកាត់ប្រទេសចិន អាចចូលទស្សនា កម្សាន្តប្រទេសចិនក្នុងរយៈពេលខ្លីយ៉ាងងាយស្រួល ។ ជារួម ផលិតផលទេសចរណ៍ ដែលប្រកបដោយភាពចំណាស់ផ្នែក អរិយធម៌និងវប្បធម៌បូករួម ជាមួយភាពទំនើបទាន់សម័យនិងភាពរ៉ូម៉ែនទិច បែបចិនបានក្លាយជាបង្អួច ដ៏សំខាន់មួយសម្រាប់មិត្តបរទេស ស្វែងយល់អំពីប្រទេសចិន ៕

លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top