ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ប្រទេសចិន នៅតែជាគោលដៅ វិនិយោគពេញនិយម ដែលទទួលការចាប់អារម្មណ៍ ពីសំណាក់ពិភពលោកទាំងមូល

“ទីផ្សារចិនមានកម្លាំង រស់រវើកយ៉ាងខ្លាំង ថែមទាំងការរៀបចំចាត់ចែង របស់រដ្ឋាភិបាលចិន ក្នុងការពង្រីកតម្រូវការក្នុងស្រុក និងជំរុញការធ្វើបរិវត្តកម្មបៃតង ដោយគ្រប់ជ្រុងជ្រោយ ប្រការទាំងនេះបានផ្តល់ចន្លោះអភិវឌ្ឍន៍ កាន់តែទូលំទូលាយ ដល់ពួកយើង ។” លោកស្រី Tao Lin អគ្គនាយករង នៃក្រុមហ៊ុន Teslaបានថ្លែងដូចពោលខាងលើ បន្ទាប់ពីរដ្ឋាភិបាលចិន បានប្រកាសពីស្ថានភាព ដំណើរការសេដ្ឋកិច្ចចិន នៅខែកក្កដាកាលពីថ្ងៃទី ១៥ ខែសីហា ។

តាំងពីចូលឆ្នាំនេះមក សហគ្រាសបរទេស បានបង្កើនការវិនិយោគ នៅប្រទេសចិនជាបន្តបន្ទាប់ ហាក់ដូចជាបាន“បោះឆ្នោតគាំទ្រ” ចំពោះសេដ្ឋកិច្ចចិន តាមរយៈប្រាក់ទុនពិតៗ ។ នៅខែសីហា ក្រុមហ៊ុន ARBURG ពាណិជ្ជករ ផលិតម៉ាស៊ីន ប្លាស្ទិកបានសម្រេចចិត្ត ធ្វើផលិតកម្ម នៅប្រទេសចិន ក្រុមហ៊ុនABB នៃប្រទេសស្វ៊ីស និងគម្រោងឥន្ធនៈហ្វូស៊ីលនៅឈូងសមុទ្រDa Yaនៃក្រុមហ៊ុន Exxon Mobil របស់អាមេរិកបាននាំគ្នាប្រកាសថា នឹងបង្កើនការវិនិយោគនៅប្រទេសចិន ។ របាយការណ៍ថ្មីបំផុត ដែលក្រុមប្រឹក្សាចិន សម្រាប់ការ ជំរុញពាណិជ្ជកម្មអន្តរជាតិ បានប្រកាសបានបង្ហាញឱ្យឃើញថា សហគ្រាសបរទេស ដែលចូលរួមការ ផ្តល់បទសម្ភាសន៍ ចំនួនលើសពី៤០ភាគរយ បានសម្គាល់ឃើញថា កម្លាំងទាក់ទាញរបស់ទីផ្សារចិន បានកើនឡើង ។ ពិតមែនតែនិម្មាបនកម្ម អន្តរជាតិ មានបម្រែបម្រួលយ៉ាងណាក្តី ក៏ប្រទេសចិននៅតែជាគោលដៅ វិនិយោគពេញនិយម ដែលទទួលការចាប់អារម្មណ៍ ពីសំណាក់ពិភពលោកទាំងមូល ។

តើជំនឿចិត្តរបស់ទុនបរទេស ចំពោះទីផ្សារចិនគឺមកពីណា ? យើងអាចរកឃើញក្នុង “តារាងពន្ទុ”នៃដំណើរការសេដ្ឋកិច្ចចិននៅខែកក្កដា ដែលត្រូវបានប្រកាស នាពេលថ្មីៗកន្លងទៅនេះ ។ នៅខែកក្កដា តម្លៃបន្ថែមរបស់សហគ្រាសឧស្សាហកម្មធុនមធ្យមនិងធំបានកើនឡើង៥,១ភាគរយ បើប្រៀបធៀប នឹង រយៈពេលដូចគ្នានៃឆ្នាំ២០២៣ ក្នុងនោះ ល្បឿនបង្កើន នៃតម្លៃបន្ថែម របស់មុខរបរផលិតគ្រឿង បរិក្ខារបានកើន ឡើង០,៤ភាគរយ បើប្រៀបធៀប នឹងខែមិថុនា សន្ទស្សន៍ផលិតកម្ម នៃឧស្សាហកម្មសេវាកម្ម បានកើនឡើង០,១ភាគរយបើប្រៀបធៀបនឹងខែមិថុនា លំហូរទំនិញនិង អ្នកធ្វើដំណើរបានកើនឡើង៦,៥ភាគរយនិង៤,៦ភាគរយដោយ ឡែកពីគ្នា ។ល។ ប្រឈមមុខនឹងបរិយាកាស អន្តរជាតិដែលមានភាពស្មុគស្មាញ និងតឹងរ៉ឹង និងការរំខានពីកត្តា ក្នុងរយៈពេលខ្លីដូចជាធាតុ អាកាសអាក្រក់ជ្រុលក្នុងស្រុកជាដើម សេដ្ឋកិច្ចចិនបានបន្តរក្សានិន្នាការ អភិវឌ្ឍន៍ ដែលមានភាពនឹងនរជាទូទៅ និងមានការវិវឌ្ឍរីកចម្រើនប្រកបដោយស្ថិរភាព ។

ទីផ្សារគឺមានន័យថាឱកាសពាណិជ្ជកម្ម ។ បច្ចុប្បន្ននេះ ទីផ្សារប្រើប្រាស់ដ៏ធំធេងរបស់ចិន កំពុងត្រូវលើកកម្ពស់លំដាប់ថ្នាក់ជាបន្តបន្ទាប់ ដែលបាន នាំមកនូវ វិស័យវិនិយោគ ពេញនិយមនិងឱកាសពាណិជ្ជកម្មថ្មី ។ នៅខែកក្កដា ទំហំលក់រាយទំនិញប្រើប្រាស់ ក្នុងសង្គមចិន បានកើន ឡើង២,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ និងបានកើនឡើង០,៧ភាគរយបើប្រៀបធៀបនឹងខែមិថុនា ការប្រើប្រាស់ ខាងសេវាកម្ម បានកើនឡើង យ៉ាងឆាប់បង្គួរ ពីខែមករាដល់ខែកក្កដាឆ្នាំនេះ ទំហំលក់រាយនៃមុខរបរ សេវាកម្មបានកើន ឡើង៧,២ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ការប្រើប្រាស់បែបថ្មីត្រូវបានត្រួសត្រាយឥតឈប់ឈរ ប្រដាប់ប្រើប្រាស់ប្រចាំថ្ងៃ ប្រកបដោយភាពវៃឆ្លាត ការធ្វើទេសចរណ៍វប្បធម៌ និងផលិតផលពេញនិយមក្នុងស្រុក បានក្លាយជាចំណុចកំណើនថ្មី ។

ការច្នៃប្រឌិតថ្មីជាកម្លាំង ចលករគន្លឹះ របស់សហគ្រាស សម្រាប់ការអភិវឌ្ឍជានិរន្តរភាព ។ នៅខែកក្កដាតម្លែបន្ថែម នៃឧស្សាហកម្មកម្មន្តសាល បច្ចេកទេសខ្ពស់ ធុនមធ្យម និងធំបានកើនឡើង១០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ពីខែមករាដល់ខែកក្កដា ផលិតផលវៃឆ្លាតនិងបៃតង ដូចជាបរិក្ខារសិប្បនិម្មិត និងរថយន្តថាមពលថ្មី ជាដើមបានរក្សាកំណើន២ខ្ទង់ ល្បឿនកំណើននៃការវិនិយោគ លើឧស្សាហកម្មបច្ចេកទេសខ្ពស់ បានខ្ពស់ជាងការវិនិយោគទាំងអស់ចំនួន៦,៨ភាគរយ ។ ការបង្កើតចំណុចកំណើនថ្មី មានអំណោយផលដល់ការ បង្កើនកម្លាំងប្រតិបតិ្តរបស់សេដ្ឋកិច្ចចិន ។
បើមើលពីរយៈពេលវែងអាចឃើញថា បរិយាកាសប្រកបអាជីវកម្មជាកត្តាគន្លឹះដែលអាចសម្រេចកម្លាំងទាក់ទាញរបស់ទីផ្សារ ។ សហគ្រាសបរទេស ជាច្រើន បានថ្លែងថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការកែលំអបរិយាកាសប្រកបអាជីវកម្ម ធ្វើឱ្យពួកគេចាប់អារម្មណ៍ យ៉ាងជ្រាលជ្រៅថា ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យាត្រូវប្រមូលកម្លាំង ជាមួយគ្នា ។ គោលនយោបាយដូចជាការធានា ការផ្តល់ផលអនុគ្រោះដូចគ្នានឹ ងជនជាតិចិន ដល់សហគ្រាសទុនបរទេសជាដើម នឹងធ្វើឱ្យពួកគេអាចធ្វើអាជីវកម្មក្នុងបរិយាកាសទីផ្សារដែលកាន់តែប្រកបដោយភាពយុត្តិធម៌និងតម្លាភាព ។

យោងតាមការអនុវត្តវិធានការ កំណែទម្រង់ដ៏ធំនិងសំខាន់មួយចំនួន ប្រទេសចិន នឹងជំរុញឱ្យសេដ្ឋកិច្ចមានភាពល្អប្រសើរជាបន្តបន្ទាប់ ក្នុងន័យសម្រេចបាននូវគោលដៅ សេដ្ឋកិច្ចនិងសង្គមពេញមួយឆ្នាំ ក៏ដូចជានឹងចែករំលែក កាលានុវត្តភាពជាមួយពិភពលោក ។ដូចនេះ ប្រទេសចិនបែបនេះនឹងក្លាយជា “ជម្រើសដែលចៀសមិនរួច” និងទីផ្សារដែលត្រូវគាំពារ របស់ទុនបរទេសជាច្រើន៕

To Top