តូក្យូ៖ នៅថ្ងៃសុក្រនេះ ព្យុះទីហ្វុងដ៏មានឥទ្ធិពលដែលមានឈ្មោះថា Ampil កំពុងធ្វើដំណើរខិតជិតមកដល់តំបន់ Kanto ដែលស្ថិតនៅភាគខាងកើតនៃប្រទេសជប៉ុន ជាមួយនឹងការប្រកាសអាសន្ន ដែលនឹងមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងខ្យល់កន្ត្រាក់នៅក្រុងតូក្យូ និងតំបន់ផ្សេងទៀត ។
យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា (JMA) បានឲ្យដឹងថា គិតត្រឹមម៉ោង៤និង៤៥នាទីរសៀល ព្យុះទីហ្វុងទី៧នៅក្នុងឆ្នាំនេះ បានធ្វើដំណើរទៅភាគឦសាន ក្នុងល្បឿនយឺត ១៥គីឡូម៉ែត្រក្នុង១ម៉ោង ។
ទីភ្នាក់ងារ JMA បានសម្គាល់អាំងតង់ស៊ីតេរបស់ព្យុះនេះថា “ខ្លាំង” ដោយបានអះអាងថា ជាមួយនឹងសម្ពាធបរិយាកាស ៩៥០hectopascals ដែលចំណុចកណ្តាលរបស់ព្យុះ Ampil កំពុងប្រមូលផ្តុំខ្យល់ដែលមានល្បឿន រហូតដល់២១៦គីឡូម៉ែត្រក្នុង១ម៉ោង ។
ទីភ្នាក់ងារអាកាសធាតុបានបញ្ជាក់ថា ពពកបង្កឲ្យភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង អាចកើតឡើងនៅលើកោះ Kanto កោះ Izu និងខេត្ត Yamanashi ហើយជួនកាលនៅថ្ងៃសុក្រនេះ ដែលបង្កើនហានិភ័យនៃ គ្រោះមហន្តរាយយ៉ាងខ្លាំង ដោយបានជំរុញឱ្យប្រជាជន ចាត់វិធានការប្រុងប្រយ័ត្នខ្ពស់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា